អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលយកសំណើ ក្នុងការជំរុញឱ្យភាគី កម្ពុជា-ថៃ ជៀសវាងការប្រើប្រាស់កម្លាំងយោធា
ភ្នំពេញ ៖ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានទទួលយកសំណើ ក្នុងការជំរុញអោយភាគី កម្ពុជា-ថៃ ជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្ដេច បានជួបសម្តេងការគួរសមនិងពិភាក្សាការងារជាមួយ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។
ក្នុងជំនួបនោះដែរ លោកអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងនាមជាសមាជិកនៃអង្គការពិភពលោក ក្នុងកិច្ចការជាច្រើន។
ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ លោក អគ្គលេខាធិការ បានបញ្ជាក់ថា លោកផ្ទាល់ បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីនេះ។លោក បានសម្តែងការស្វាគមន៍ចំពោះបទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ និងបន្តជំរុញឱ្យស្ថានការអាចវិលត្រលប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោក អគ្គលេខាធិការ បានទទួលយកសំណើ ក្នុងការជំរុញអោយភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។
លោកថា « សូមឱ្យដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ (គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ»៕