ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ត្រូវបានអង្គប្រជុំព្រឹទ្ធសភា ឱ្យយោបល់ឯកភាពទាំងស្រុង ដោយសំឡេង៥៤ នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដែលបានធ្វើឡើង ក្រោមអធិបតីភាព លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា។
សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងកែសម្រួល និងបន្ថែមរបបគតិយុត្តអំពី ការបាត់សញ្ជាតិខ្មែរ តាមរយៈការដកសញ្ជាតិខ្មែររបស់ជនដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឬនៅក្រៅប្រទេស ដើម្បីឱ្យស្របតាមមាត្រា៣៣ថ្មី នៃរដ្ឋធម្មនុញ្ញ។
សេចក្តីព្រាងច្បាប់នេះ ក៏ជាឧបករណ៍គតិយុត្តដ៏សំខាន់ដែលធានាធម្មនុញ្ញភាព ធានាការពារ សន្តិភាព អធិបតេយ្យជាតិ និងទប់ស្កាត់រាល់សកម្មភាពទាំងឡាយណា ដែលបំផ្លាញឧត្តមប្រយោជន៍ជាតិ សេចក្តីថ្លៃថ្នូររបស់ជាតិ និងប្រជាជនកម្ពុជា។ ការធ្វើវិសោធនកម្មច្បាប់នេះ ក៏បង្ហាញឱ្យឃើញ អំពីភាពរឹងមាំនៃក្របខ័ណ្ឌច្បាប់ក្នុងការពង្រឹងកិច្ចការពារជាតិផងដែរ។
គួរធ្វើការកត់សម្គាល់ថា នាពេលថ្មីៗនេះ ប្រទេសជាតិកំពុងស្ថិតក្នុងស្ថានភាពតានតឹង និងកំពុងប្រឈមនឹងការឈ្លានពានទឹកដីពីសំណាក់រដ្ឋបរទេស បែរជាមានជនអគតិដែលមានសញ្ជាតិខ្មែរមួយចំនួនតូច ជាពិសេសក្រុមដែលកំពុងរស់នៅក្រៅប្រទេស បាននិងកំពុងធ្វើសកម្មភាពយ៉ាងគឃ្លើនចូលរួម និងគប់គិតជាមួយនឹងបរទេសប្រព្រឹត្តអំពើក្បត់ជាតិ និងធ្វើសកម្មភាពបណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីសុខសាន្តរបស់ប្រជារាស្ត្រ និងសន្តិសុខជាតិ ព្រមទាំងឧត្តមប្រយោជន៍របស់ជាតិ ខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំកសាងខឿនការពារជាតិ និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ៕