កូរ៉េខាងត្បូង ផ្តល់ជំនួយឥតសំណងប្រមាណ ១២លានដុល្លារ ដើម្បីលើកកម្ពស់កសិកម្ម ដែលធន់នឹងអាកាសធាតុ
ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងវិស័យកសិកម្មក្នុងប្រទេសកម្ពុជាក្នុងការប្រឈមនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាសម្រាប់ គម្រោងកសាង «ទំនាក់ទំនងចម្រុះរវាងការស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយកសិកម្មដែលបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុនៅប្រទេសកម្ពុជា»។
ពិធីចុះហត្ថលេខានេះធ្វើឡើង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នាទីស្នាក់ការកណ្តាលក្រសួងកសិកម្ម ចុះហត្ថលេខាដោយលោកស្រី Choi Moonjung នាយិកាការិយាល័យ កយកា ប្រចាំប្រទេសកម្ពុជា និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់នៃភាគីទាំងពីរ។ គម្រោងសំខាន់នេះត្រូវបានផ្តល់ដោយទីភ្នាក់ងារកយកា ក្រោមជំនួយឥតសំណងប្រមាណ ១២លានដុល្លារ។
ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ គម្រោងនេះមានគោលបំណងបង្កើតផ្នែកផ្សព្វផ្សាយកសិកម្មចម្រុះដោយមានការរួមគ្នារវាងការអប់រំ ការស្រាវជ្រាវ និងការផ្សព្វផ្សាយដោយផ្តោតលើការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។ សមាសធាតុសំខាន់ៗនៃគម្រោងរួមមានការពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ ដែលជាតួអង្គយ៉ាងសំខាន់ដើរតួនាទីក្នុងការផ្សព្វផ្សាយចំណេះដឹង និងបច្ចេកទេសការអនុវត្តកសិកម្ម ទៅដល់កសិករនៅថ្នាក់មូលដ្ឋាន។
គម្រោងនេះនឹងគាំទ្រសម្ភារៈ បរិក្ខារអប់រំ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម រួមទាំងអគារសម្រាប់ការអប់រំកម្រិតឧត្តមសិក្សា និងអគារមួយផ្សេងទៀតសម្រាប់ការបង្កើនសមត្ថភាពមន្រ្តីកសិកម្មឃុំ។ កម្មវិធីសិក្សាបរិក្ខារ ព្រមទាំងសម្ភារៈអប់រំ និងបណ្តុះបណ្តាលក៏នឹងត្រូវបានផ្តល់ជូនផងដែរ។ លើសពីនេះទៀតសមត្ថភាពរបស់សាស្ត្រាចារ្យនឹងត្រូវបានលើកកម្ពស់តាមរយៈកម្មវិធីបណ្តុះបណ្តាលក្រៅប្រទេស និងការបណ្តុះបណ្តាលនៅក្នុងប្រទេស៕EB