អភិបាលខេត្តបន្ទាយមានជ័យ ៖ គ្មានប្រជាពលរដ្ឋខ្មែរ បើករថយន្តសម្រុកទៅចាក់សាំងនៅថៃ ដូចការផ្សាយរបស់កាសែតថៃឡើយ
5 ម៉ោង មុន
បន្ទាយមានជ័យ ៖ សារព័ត៌មានថៃ បានផ្សាយបំពុលថា ក្រោយកម្ពុជាព្រមានបិទការនាំចូលប្រេងពីថៃ ស្រាប់តែប្រជាពលរដ្ឋខ្មែរជាច្រើននាក់ បានបើករថយន្តសម្រុកទៅចាក់ប្រេងនៅថៃ ពីព្រោះប្រេងនៅខ្មែរថ្លៃ។
ជាការឆ្លើយតបចំពោះព័ត៌មានប្រឌិតមួយនេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ថា « សូមច្រានចោលការចុះផ្សាយនេះ និងថាមិនមានរឿងបែបនេះ កើតឡើងឡើយ»។
អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា «រូបភាពរថយន្តដែលកាសែតថៃចុះផ្សាយនេះ គឺជារថយន្តដែលបងប្អូនខ្មែរយើងធ្វើដំណើរឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលពេលបើកចូលដំបូង គឺមានការកកស្ទះបែបនេះហើយ»។
បើតាមលោក អ៊ុំ រាត្រី, មួយថ្ងៃៗនៅពេលនេះមានរថយន្តបងប្អូនខ្មែរយើងឆ្លងចូលទៅថៃ មានចន្លោះពី៤០ ទៅ៥០គ្រឿង ដែលទៅប្រកបមុខរបរ និងរកស៊ីជាដើមដែលជាទម្លាប់ប្រចាំថ្ងៃ៕