រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ៖ ភាភីថៃ មិនត្រឹមតែមិនសម្តែងការសោកស្តាយលើការស្លាប់ របស់យុទ្ធជនកម្ពុជា នៅតំបន់មុំបីទេ បែរជាចោទកម្ពុជាបាញ់មុនទៅវិញ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ លើកឡើងថា ពាក់ព័ន្ធនឹងការផ្ទុះអាវុធ កាលពីថ្ងៃទី២៨ ខែឧសភា ភាគីថៃមិនត្រឹមតែមិនសម្តែងការសោកស្តាយលើការស្លាប់របស់យុទ្ធជនកម្ពុជានៅតំបន់មុំបីទេ បែរជាចោទកម្ពុជាបាញ់មុនទៅវិញ។
រដ្ឋមន្រ្តីការពារជាតិកម្ពុជា បានលើកឡើងបែបនេះ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងពិធីអបអរសាទរដល់ខួបអនុស្សាវរីយ៍លើកទី៤៨ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧–២០ មិថុនា ២០២៥) នេះ។
បើតាម លោក ឧបនាយករដ្ឋមន្រ្តី ភាពតានតឹងនៅព្រំដែនតំបន់មុំបី បានឡើងកម្តៅនៅពេលដែលសាលារួមចិត្ត នៅតំបន់នេះ ត្រូវបានឆេះ ដែលភាគីថៃ បានចោទកម្ពុជាថាជាអ្នកដុត។ ប៉ុន្តែមើលឃើញថា បញ្ហានេះ គឺបណ្តាលមកពីភ្លើងឆេះព្រៃ។ កន្លងមកថៃតែងចោទថា សាលារួមចិត្តនេះនៅក្នុងទឹកដីរបស់ថៃ។
លោកបានបញ្ជាក់ដូច្នេះថា៖ «យើងបន្តចរចារឿងនេះ ប៉ុន្តែជាអកុសលនៅថ្ងៃទី២៨ ខែឧសភា គឺយើងមានការប៉ះទង្គិចគ្នាធ្វើឱ្យទាហានរបស់យើងបាត់បង់ជីវិតអស់ម្នាក់ មិនត្រឹមតែថៃមិនសម្តែងការសោកស្តាយមកលើកម្ពុជាទេ បែជាចេញសារព័ត៌មានថា កម្ពុជាជាអ្នកផ្ទុះអាវុធមុន»។
លោកឧបនាយករដ្ឋមន្រ្តី បានច្រានចោលចំពោះការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជាផ្ទុះអាវុធមុន។ លោក ថា ទាហានកម្ពុជាបើសិនជាច្បាំង គឺត្រូវតែពាក់ឯកសណ្ឋានត្រឹមត្រូវ ប៉ុន្តែសាកសពទាហានដែលបានពលី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នោះ គឺមិនទាំងស្លៀកពាក់ផង។ លោកបញ្ជាក់ដូច្នេះថា «ទាហានរបស់ខ្ញុំស្លាប់ ក្នុងរូបភាពមួយមិនទាន់ទាំងស្លៀកពាក់ផង ហើយបែរជាចោទថា កម្ពុជាបាញ់មុន»៕