កម្ពុជា ខិតខំទោះបីស្មុកស្មាញយ៉ាងណាក៏ដោយ លើការចរចាពាណិជ្ជកម្មជាមួយអាមេរិក ដើម្បីគោលដៅការពារប្រយោជន៍សេដ្ឋកិច្ចប្រជាពលរដ្ឋ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការចរចាបញ្ហាពន្ធគយ លើអតិរេកពាណិជ្ជកម្ម ជាមួយអាមេរិក គឺជារឿងដ៏ស្មុកស្មាញខ្លាំងបំផុត តែទោះបីជាយ៉ាងណា កម្ពុជា ខិតខំធ្វើយ៉ាងណាក៏ដោយ ទោះបីលំបាកយ៉ាងណាក៏ដោយ ត្រូវបន្តចរចាជាមួយអាមេរិក ដើម្បីការពារផលប្រយោជន៍ ពាណិជ្ជកម្ម សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ជាពិសេសសេដ្ឋកិច្ចកម្ពុជា ដែលពឹងផ្អែកលើការនាំចេញ ។
ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការនិងធ្វើការ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅពេលណាដែលពាណិជ្ជកម្មមានបញ្ហា ការនាំចេញក៏មានបញ្ហា ទំនិញឆ្លងកាត់ក៏មានបញ្ហា ការកាត់បន្ថយឬមួយបង្កើន បើលំហូរកាន់តែប្រសើរ ការងារកាន់តែច្រើន ដែលទាំងអស់នេះ គឺជាកិច្ចការងារដ៏ស្មុកស្មាញ ខណៈដែលមកដល់ម៉ោងនេះ មិនទាន់មានប្រទេសណាមួយ ចរចាត្រូវជាមួយអាមេរិកនោះទេ សូម្បីប្រទេសជប៉ុន ដែលជាមហាអំណាច និងជាសម្ព័ន្ធមិត្តជិតស្និទជាមួយអាមេរិក នៅមិនទាន់ចរចាត្រូវផង ។
បន្ថែមលើនេះ សម្តេចធិបតី បានពន្យល់ថា ហេតុអ្វីបានជាការចរចាពាណិជ្ជកម្ម ជារឿងស្មុកស្មាញ ដោយសារតែការចរចានេះ បើកាលណាចរចាជាមួយអាមេរិកមួយ ក៏ត្រូវចរចាជាមួយបណ្តាប្រទេសផ្សេងទៀត ដោយសារត្រូវជាប់ពាក់ព័ន្ធ ជាមួយគោលការណ៍ របស់ WTO ដែលមានសមាជិកជាច្រើនពីបណ្តាប្រទេសនានា លើពិពភលោក ។
ក្នុងនោះសម្តេចធិបតី ថ្លែងថា «សម្រាប់កម្ពុជា យើងខិតខំទោះបីជាស្មុកស្មាញយ៉ាងណាក៏ដោយ ទោះបីជាលំបាកយ៉ាងមិចក៏ដោយ ក៏យើងបានចាត់វិធានការ និងត្រៀមលក្ខណៈបន្តទៀត ដើម្បីធ្វើកិច្ចការងារនេះ គោលដៅការពារផលប្រយោជន៍ ពាណិជ្ជកម្ម សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ជាពិសេសសេដ្ឋកិច្ចយើង ដែលពឹងផ្អែកលើការនាំចេញ ចឹងគឺធ្វើយ៉ាងមិច ធានាគាំទ្រទៅដល់ការងារប្រជាពលរដ្ឋ សេដ្ឋកិច្ចរបស់យើង ដើម្បីហោប៉ាវរបស់ប្រជាពលរដ្ឋ នៅរក្សាបាននេះគឺជាគោលដៅធំរបស់យើង»។
ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងឱ្យដឹងថា មកដល់ម៉ោងនេះ ក្រុមការងារចរចាកម្ពុជា បានជួបជាមួយប្រធានតំណាងពាណិជ្ជអាមេរិក បានម្តងហើយ កាលពីថ្ងៃទី១៦ មេសា ខណៈដែលថ្ងៃទី២ ខែឧសភាស្អែកនេះ នឹងត្រូវជួបម្តងទៀត ឈានទៅដល់ការចរចាបន្តិចម្តងៗ ដោយសារតែអាមេរិក ត្រូវប្រើពេលយូរ ក្នុងការចរចាជាមួយបណ្តាប្រទេសនានា ជិត២០០ប្រទេស៕