អភិបាលខេត្តកោះកុង អះអាងថា ស្ថានភាពនៅព្រំដែនខេត្ត មិនមានអ្វីប្រែប្រួលនោះទេ ខណៈរដ្ឋបាលខេត្ត បានរៀបចំទីតាំងជម្លៀសប្រជាពលរដ្ឋរួចរាល់
កោះកុង ៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានអះអាងថា ស្ថានការណ៍តាមបណ្ដោយបន្ទាត់ព្រំដែនខេត្តកោះកុង ជាមួយប្រទេសថៃ គ្មានភាពតានតឹង ឬប្រឈមមុខគ្នាដោយកម្លាំងប្រដាប់អាវុធឡើយ។
លោកស្រី អភិបាលខេត្ត បានឱ្យដឹងថា ខេត្តកោះកុង បានត្រៀមទីតាំងសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលរស់នៅក្បែរបន្ទាត់ព្រំដែនប្រឈមនឹងគ្រោះថ្នាក់ក្នុងករណីកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ ឈានដល់ការផ្ទុះអាវុធ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ, លោកស្រី អភិបាលខេត្ត បានអះអាងថា៖ «នៅចំពោះខេត្តកោះកុង ពុំមានអ្វីគួរឱ្យកត់សម្គាល់នោះទេ គ្រាន់តែបន្ថយម៉ោងក្នុងការបើកព្រំដែនតែប៉ុណ្ណោះ និងបានអនុវត្តតាមវិធានការបិទមិនឱ្យផ្លែឈើ និងបន្លែរបស់ខេត្តនាំចូលពីប្រទេសថៃ»។
ជាមួយគ្នានេះដែរ លោកស្រី អភិបាលខេត្ត បានឱ្យដឹងថា រដ្ឋបាលខេត្តក៏បានរៀបចំទីតាំងជម្រកស្នាក់នៅបណ្ដោះអាសន្ន ព្រមទាំងមធ្យោបាយដឹកជញ្ជូន ជំនួយសង្គ្រោះ ស្បៀងអាហារ ថ្នាំសង្កូវ អគ្គិសនី និងទឹកស្អាត សម្រាប់ដោះស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅករណីកើតឡើងជាយថាហេតុណាមួយជាដើម៕