ស្វាយរៀង ៖ បន្ទាប់ពីបញ្ចប់បេសកកម្មនៅសាធារណរដ្ឋសង្គមនិយមវៀតណាម លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារហ្វឹកហាត់ និងសម្ពោធសមិទ្ធផលនានារបស់ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

មានប្រសាសន៍នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីគោលការណ៍នៃការពង្រឹងធនធានមនុស្សក្នុងក្របខ័ណ្ឌនគរបាលជាតិ ដោយ លោកឧបនាយករដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់អង្គភាពនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ផ្ដល់ការលើកទឹកចិត្តគាំទ្របង្កលក្ខណៈងាយស្រួលដល់កងកម្លាំងនគរបាល ដែលបានទទួលការអប់រំ បណ្តុះបណ្តាល ទាំងក្នុងនិងក្រៅប្រទេស ឱ្យបានទទួលតួនាទី និងមុខតំណែងស័ក្តិសមនឹងសមត្ថភាព ដើម្បីផ្តល់ការលើកទឹកចិត្តដល់ពួកគេ ដែលបានចំណាយពេលវេលាចាកឆ្ងាយពីគ្រួសារ និងខិតខំសិក្សារៀនសូត្ររហូតទទួលបានជោគជ័យ។

លោក ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យគ្រប់អង្គភាពទាំងអស់ ត្រូវជ្រើសរើសឱ្យបានស័ក្តិសមសម្រាប់មន្ត្រីដែលត្រូវទៅទទួលការបណ្ដុះបណ្ដាលទាំងក្នុង និងក្រៅប្រទេស ជៀសវាងមន្ត្រីដែលទៅដល់មិនគោរពវិន័យបានល្អ ឬទៅដល់មានបញ្ហាសុខភាព កាយសម្បទាមិនមាំទាំ ដែលមិនសាកសមសម្រាប់ការសិក្សារៀនសូត្រ និងហ្វឹកហាត់។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានផ្តល់ការណែនាំថា ជាចាំបាច់ទន្ទឹមនឹងការខិតខំសិក្សារៀនសូត្រ គឺមន្ត្រីដែលទៅទទួលការបណ្ដុះបណ្ដាល ត្រូវតែខំគោរពឱ្យបាននូវវិន័យ ហើយព្យាយាមបង្កើតនូវទំនាក់ទំនងឱ្យបានល្អ ជាមួយនឹងមន្ត្រីដែលជាសិក្ខាកាមដូចគ្នា ក្នុងន័យផ្លាស់ប្តូរបទពិសោធ ចំណេះជំនាញ និងមានទំនាក់ទំនងល្អក្នុងការងារ។

ពីវេទិកាធិបតីនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ការណែនាំដល់នគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងក៏ដូចគ្នាក្នុងក្របខ័ណ្ឌទូទាំងប្រទេស ត្រូវតែបន្តតម្កល់ជាអាទិភាពលើការងារគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងបង្កលក្ខណៈដល់បរិយាកាសនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ