បន្ទាយមានជ័យ ៖ អាជ្ញាធរ កម្ពុជា-ថៃ បានឯកភាពគ្នាទុកពេលត្រឹម ៣ម៉ោង ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៨យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីឲ្យប្រជាពលរដ្ឋទាំងសងខាងអាចវិលត្រឡប់ចូលប្រទេសរៀងៗខ្លួនវិញ នៅច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត មុនសម្រេចបិទខ្ទប់ច្រកទ្វារអន្ដរជាតិមួយនេះទាំងស្រុង បញ្ឈប់ឲ្យមានការឆ្លងកាត់ទៅវិញទៅមក។

សេចក្ដីរាយការណ៍ពីខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការឯកភាពគ្នាទុកពេល ៣ម៉ោងសម្រាប់ច្រកទ្វារអន្ដរជាតិប៉ោយប៉ែត បានធ្វើឡើងបន្ទាប់ពីអភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តស្រះកែវរបស់ថៃ បានជួបជជែកគ្នា និងឆ្លងយោបល់ថ្នាក់ដឹកនាំរៀងៗខ្លួន។ តែសម្រាប់ជនជាតិបរទេស ក្រៅពីជនជាតិកម្ពុជា-ថៃ មិនត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់នោះទេ។

នៅច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត, បើតាមសេចក្ដីរាយការណ៍បញ្ជាក់ថា អាជ្ញាធរកម្ពុជា-ថៃ បានសម្រេចឲ្យពលរដ្ឋនៃប្រទេសទាំងពីរ ត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួនវិញអស់ ត្រឹមម៉ោង៥ល្ងាច ដល់ម៉ោង៨យប់ ពិសេសប្រជាពលរដ្ឋខ្មែរដែលប្រកបអាជីវកម្មនៅផ្សាររ៉ុងកឿ និងអ្នកធ្វើការនៅក្នុងប្រទេសថៃ។ ដោយឡែក សម្រាប់ជនជាតិថៃ ដែលធ្វើការនៅកម្ពុជា ជាពិសេសនៅប៉ោយប៉ែត ក៏ត្រូវវិលត្រឡប់ចូលប្រទេសខ្លួនវិញដូចគ្នា។

នៅម៉ោងដូចគ្នានេះ សម្រាប់រថយន្ដ នៃប្រទេសទាំងពីរ ក៏ត្រូវបើកត្រឡប់ទៅប្រទេសរៀងៗខ្លួនផងដែរ តែមិនអនុញ្ញាតឲ្យមានដឹកទំនិញអ្វីទាំងអស់។

ដោយឡែកសម្រាប់ច្រកទ្វារតំបន់ដែលមាននៅក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ គឺភាគីកម្ពុជា-ថៃ ឯកភាពគ្នាទុកពេលត្រឹមម៉ោង១ប៉ុណ្ណោះ ពោលនៅម៉ោង៥ ដល់ម៉ោង៦ល្ងាចថ្ងៃនេះ ពលរដ្ឋត្រូវវិលត្រឡប់ ចូលប្រទេសរៀងៗខ្លួនវិញ ហើយបញ្ឈប់ឲ្យមានការចេញចូលឆ្លងកាត់បន្ដទៀត។

សូមជម្រាបថា ដូចអ្វីដែលបានប្រកាសក្រោយសម្រេចចិត្តដោយឯកតោភាគី ក្រុមយោធាថៃ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានសម្រេចបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយប្រទេសកម្ពុជា។ ការសម្រេចចិត្តបែបនេះ ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ និងភ្ញៀវទេសចរ ពិសេសទាំងជនជាតិថៃខ្លួនឯងដែលត្រូវចេញចូលមកប្រកបរបរ និងបំពេញការងារនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ