អនុវត្តគោលការណ៍ ឧបនាយករដ្ឋមន្ត្រី ស សុខា ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កំពុងសកម្មចុះគាំទ្រនគរបាលការពារព្រំដែន ត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ នៅតាមស្នងការដ្ឋាន
ភ្នំពេញ ៖ ក្រោមបទបញ្ជាប្រកបដោយ ប្រតិភាណ និងគោលការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ខ្ពង់ខ្ពស់ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំគ្រប់លំដាប់នៃក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បាននិងកំពុងសកម្មចុះគាំទ្រកម្លាំងនគរបាលការពារព្រំដែន និងចល័តត្រួតពិនិត្យកម្លាំងនគរបាល នៅតាមស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជាពិសេសយុទ្ធោបករណ៍បំពាក់ឱ្យការប្រយុទ្ធ។
គឺចាប់តាំងពីពេលកើតមានភាពតានតឹងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ តែម្ដង ដែល លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានចាត់តាំងក្រុមការងារអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញទៅប្រចាំការគាំទ្រកម្លាំងនគរបាលការពារព្រំដែន ដឹកនាំដោយ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង។ លោកឧបនាយករដ្ឋមន្ត្រី ផ្ទាល់ ក៏បានអញ្ជើញទៅសួរសុខទុក្ខ ផ្ដល់ការគាំទ្រនូវជំនួយស្បៀងអាហារ សម្ភារៈ នៅតំបន់មុំបី ខេត្តព្រះវិហារ ផងដែរ។
តំណាលគ្នានោះ និងមកដល់ពេលនេះ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជាបន្តបន្ទាប់ ក៏បានរៀបចំជំនួយស្បៀងអាហារ សម្ភារៈ និងថវិកា វេចខ្ចប់ចំដឹកតាមក្បួនរថយន្តឆ្ពោះទៅកាន់តំបន់ព្រំដែន ដើម្បីផ្ដល់ជូនកម្លាំងនគរបាល។ សកម្មភាពនេះ ជាការបង្ហាញនូវស្មារតីគាំទ្ររបស់កម្លាំងនគរបាលជួរក្រោយចំពោះកម្លាំងនគរបាលជួរមុខ ដែលបាននិងកំពុង ការពារបូរណភាពទឹកដី ជាមួយកម្លាំងកងយោធពលខេមរភូមិន្ទ ក្រោមបទបញ្ជា និងការដឹកនាំប្រកបដោយភាពស្វាហាប់ប្រាកដនិយមរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នាប៉ុន្មានថ្ងៃចុងក្រោយនេះទៀត ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ក៏បានទទួលការចាត់តាំងពី លោកឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំប្រតិភូ ចុះត្រួតពិនិត្យកម្លាំង អាវុធ និងគ្រឿងយុទ្ធោបករណ៍ផ្សេងៗទៀត នៅតាមបណ្ដាស្នងការដ្ឋាន។ ជាក់ស្ដែង ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យតាមបណ្ដាស្នងការដ្ឋានជាង១០ រួចជាស្រេច ដែលតាមគម្រោង បេសកកម្មនេះនឹងបញ្ចប់ទូទាំងប្រទេសត្រឹមសប្តាហ៍នេះ៕