ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ឈ្លក់សម្លម្ជូរ កង្កែបបណ្តាលឲ្យបាត់បង់ជីវិតភ្លាមៗ ខណៈពេលកំពុងហូបបាយ ។ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅភូមិគោកត្រាច ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះសាត រើនភេទប្រុស អាយុ៤៩ឆ្នាំ និងប្រពន្ធឈ្មោះភួង រ៉ាន អាយុ៤៨ឆ្នាំ គ្រួសារនេះនៅភូមិគោកត្រាច ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ប្រភពបានបញ្ជាក់ថា បើតាមការរៀបរាប់បំភ្លឺរបស់ស្ត្រីជាប្រពន្ធ បានប្រាប់សមត្ថកកិច្ចថា គាត់និងប្តីរបស់គាត់បានរៀបចំហូបបាយពេលល្ងាច គឺមានសម្លម្ជូរកង្កែបសម្រាប់ហូបជាមួយបាយ ពេលកំពុងហូបប្តីរបស់គាត់បានដួសទឹកសម្លហុត ក៏ស្រាប់តែឈ្លក់និងមានអាការៈអន្ទះអន្ទែង ពេលនោះគាត់និងអ្នកជិតខាងបានជួយរីត ធ្វើចលនាយ៉ាងណាក៏មិនអាចជួយសង្រ្គោះ ជីវិតប្តីរបស់គាត់បាន ។
អធិការនគរបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ផងដែរថា ក្រោយពីបានធ្វើការត្រួតពិនិត្យលើខ្លួនប្រាណសាកសពពុំឃើញមានសញ្ញារឺស្នាកស្នាមអ្វីដែលទាក់ទងនិងអំពើឃាតកម្មនោះឡើយ។ម្យ៉ាងវិញទៀត ស្ត្រីជាប្រពន្ធរបស់សពបាននិយាយថា ការស្លាប់របស់ប្តីគាត់គឺដោយសារឈ្លក់នឹងទឹកសម្លម្ជូរកង្កែប ៕ SP