សៀមរាប៖ សង្កាត់ចំនួន៣នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានអាជ្ញាធរខេត្តនេះសម្រេចដាក់ចេញវិធានការបិទខ្ទប់(Lockdown)រយៈពេល១៤ថ្ងៃពីថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។ ការបិទខ្ទប់សង្កាត់ទាំង៣នេះ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តសង្កាត់ដែលបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។ នេះបើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី១៦ ខែមេសានេះ។

ការសម្រេចបិទខ្ទប់សង្កាត់ទាំង៣នេះដែរ ធ្វើឡើងបន្ទាប់ពីភូមិសាស្រ្តទាំង៣បានរកឃើញការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ ម្យ៉ាង ក្នុងអំឡុងពេលនៃបិទខ្ទប់នេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទាំង៣ខាងលើ គឺមិនត្រូវអនុញ្ញាតឱ្យធ្វើដំណើរ ឬចេញពីលំនៅឋានឡើយ ដោយលើកលែងតែករណីចាំបាច់ប៉ុណ្ណោះ។ ជាមួយគ្នាសម្រាប់រាល់ការជួបជុំ ឬការប្រមូលផ្តុំផងដែរ លើកតែករណីចាំបាច់មួយចំនួនប៉ុណ្ណោះ។

ក្នុងសេចក្ដីសម្រេចដដែល អាជ្ញាធរខេត្តសៀមរាបក៏បានហាមឃាត់រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមិនចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ។ ប៉ុន្តែអាជីវកម្ម និងមុខរបរចាំបាច់មួយចំនួនត្រូវបានលើកលែងរួមមានដូចជា៖

-សកម្មភាពការងារនៅក្នុងក្របខណ្ឌមុខងារសាធារណៈ កងកម្លាំងប្រដាប់អាវុធ និងការងារផ្តល់ សេវាសាធារណៈចាំបាច់ រួមមាន សេវាផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត សេវាប្រមូល និងដឹកជញ្ជូន សំរាម សំណល់រឹង។

-រាល់សកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម ដែលដំណើរការតាមរយៈប្រព័ន្ធអនឡាញ។

-សេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាល និងឱសថស្ថាន។

-ការផ្គត់ផ្គង់ទំនិញ ឬសេវាដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ដូចជា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ស្ថានីយប្រេងឥន្ធនៈ សេវាប្រៃសណីយ៍ទូរគមនាគមន៍ ហាងលក់ទំនិញផ្សារ ផ្សារម៉ាត ភោជនីយដ្ឋាន និងអាហារដ្ឋាន ប៉ុន្តែ ត្រូវកាត់បន្ថយចំនួនបុគ្គលិកបម្រើការងារឱ្យនៅត្រឹមកម្រិតអប្បបរមា។

-សកម្មភាពដឹកជញ្ជូនទំនិញចាំបាច់។

-សកម្មភាពការងារ មុខរបរ អាជីវកម្មចាំបាច់ដទៃទៀត ដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរ មានសមត្ថកិច្ច។

គួរកត់សម្គាល់ដែរថា រាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបដែលមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាលមានដូចជា ការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សរុបគិតត្រឹមថ្ងៃទី១៥ ខែមេសាម្សិលមិញ ខេត្តសៀមរាបមានអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍សរុប២០នាក់ហើយ ក្នុងនោះអ្នកជំងឺ៣នាក់ បានព្យាបាលជាសះស្បើយ៕Sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ