មេគយកម្ពុជា ណែនាំឱ្យមន្ត្រីគយឈរជើង តាមមាត់ច្រកព្រំដែន កម្ពុជា-ថៃ ទាំងអស់ អនុវត្តឱ្យបានម៉ឹងម៉ាត់ នូវវិធានការហាមឃាត់ការនាំចូលបន្លែ និងផ្លែឈើ ពីថៃ
ភ្នំពេញ ៖ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយ និងរដ្ឋាករមួយចំនួន ចាប់ពីថ្ងៃទី២០ ដល់ទី២២ ខែមិថុនា ឆ្នាំ២០២៥ បានចុះទៅតាមបណ្ដាមាត់ច្រកព្រំដែនកម្ពុជា-ថៃ ចាប់ពីភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន និងខេត្តកោះកុង ដើម្បីត្រួតពិនិត្យ និងពង្រឹងប្រសិទ្ធភាពការងាររបស់អង្គភាពគយ និងរដ្ឋាករនៅច្រកព្រំដែននីមួយៗ ក្នុងភូមិសាស្ដ្រខេត្តទាំងនេះ ជាពិសេសការអនុវត្តឱ្យបានម៉ឹងម៉ាត់ នូវវិធានការហាមឃាត់ការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ក្នុងនាមជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននិងកំពុងអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់នូវតួនាទី និងភារកិច្ចរបស់ខ្លួន ជាពិសេសការគ្រប់គ្រង ត្រួតពិនិត្យ និងប្រមូលពន្ធ អាករ និងកម្រៃផ្សេងៗ លើទំនិញនាំចេញ នាំចូល ឬឆ្លងកាត់ ស្របតាមបទប្បញ្ញត្តិច្បាប់ស្ដីពីគយ ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល។
នៅក្នុងដំណើរចុះត្រួតពិនិត្យការងារនេះ លោក គុណ ញឹម បានធ្វើការណែនាំដល់គ្រប់ថ្នាក់ដឹកនាំ និងមន្ដ្រីគយ និងរដ្ឋាករដែលកំពុងបំពេញភារកិច្ចនៅគ្រប់ការិយាល័យគយ និងរដ្ឋាករតាមបណ្ដោយព្រំដែននៃខេត្តខាងលើ ឱ្យអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនៃវិធានការបម្រាមលើការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ និង, ក្នុងនាមជាអង្គភាពឈរជើងនៅជួរមុខ, ត្រូវបន្ដសហការឱ្យបានល្អថែមមួយកម្រិតទៀត ជាមួយកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាននៅច្រកព្រំដែន និងត្រូវចូលរួមដោះស្រាយបញ្ហាផ្សេងៗ ដែលអាចកើតមានឡើងនៅច្រកចេញ-ចូលក្នុងកាលៈទេសៈ និងស្ថានភាពបច្ចុប្បន្ន៕