ក្នុងរយៈពេល ៤ខែ ចាប់ពីថ្ងៃទី១ ខែឧសភា ដល់១ ខែកញ្ញា ឆ្នាំ២០២០ការរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ឃើញថាមានការថយចុះនៅករណីគ្រោះថ្នាក់ជាង៦០០លើក និងចំនួនអ្នកស្លាប់ជាង២០០នាក់ និងថយអ្នករបួសជាង១0០០នាក់ ដែលនេះគឺជាលទ្ធផលដ៏ល្អប្រសើមួយដែលយើងកាត់បន្ថយការបាត់បង់ជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។នេះបើតាមការលើកឡើងរបស់លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ក្នុងពិធីសំណេះសំណាលរបស់ថ្នាក់ដឹកនាំក្រសួងសាធារណការដឹកជញ្ជូន ជាមួយនាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ។

លោក បន្តថា ក្រៅពីការថយចុះនូវចំនួនអ្នកស្លាប់ នឹងអ្នករបួស ការរឹតបន្តឹងច្បាប់ចរាចរណ៍ក៏បាន ធ្វើឱ្យសណ្តាប់ធ្នាប់ចរាចរណ៍គឺកាន់តែមានភាពល្អប្រសើរ និងកាន់តែមានសុវត្ថិភាពចំពោះអ្នកប្រើប្រាស់ផ្លូវ ជាមួយគ្នានេះ អគ្គស្នងការនគបាលជាតិក៏មានទិសដៅក្នុងការខិតខំថែមទៀត ទាំងការរឹតបន្តឹងច្បាប់ និងការអប់រំផ្សព្វផ្សាយពីច្បាប់ដល់ប្រជាពលរដ្ឋ ។

ចំពោះការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នេះដែរលោក ហ៊ឺម យ៉ាន បានបញ្ជាក់ថា ចំណុចគួរឱ្យកត់សម្គាល់ អ្នកប្រើប្រាស់ផ្លូវយ៉ាងច្រើន គោរពនិងអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស បើកបរអធ្យាស្រ័យ និងមានសណ្តាប់ធ្នាប់ល្អ ទន្ទឹមនឹងនេះ កងកម្លាំងអនុវត្តច្បាប់ឲ្យកាន់តែមាន ស្មារតីខ្ពស់ ក្នុងការបំពេញភារកិច្ចរឹតបន្តឹង ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកផងដែរ ។

គួរជម្រាបថា គោលបំណងសំខាន់នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានជាអតិបរមា កាត់បន្ថយអត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅទាបបំផុត កាត់បន្ថយអត្រាពិការភាព ស្ត្រីមេម៉ាយ ក្មេងកំព្រា ការខូចខាតទ្រព្យសម្បត្តិសាធារណៈនិងឯកជន ដើម្បីជម្រុញឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចជាតិកាន់តែល្អប្រសើរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ