ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្គាល់ថា មូលហេតុចម្បងនៃតម្រូវការ និងការផ្គត់ផ្គង់ត្រី នៅកម្ពុជា បន្ដជួបប្រទះបញ្ហាប្រឈមមិនទាន់អាចដោះស្រាយបាននៅឡើយ។ការជួបប្រទះនេះ ដោយមូលហេតុសំខាន់ៗ ដូចជា ៖ ការថមថយផលត្រីពីធម្មជាតិ ,ការប្រកួតប្រជែងទីផ្សារក្នុងស្រុក ,មានបដិបក្ខក្នុងការគ្រប់គ្រងទីផ្សារត្រីនៅកម្ពុជា ,ការប្រកួតប្រជែងទីផ្សារក្នុងស្រុក ,យន្ដការត្រួតពិនិត្យ នៃការនាំចូល មានភាពស្មុគស្មាញ ,វិស័យវិនិយោគឯកជនលើការធ្វើវារីវប្បកម្មនៅខ្វះទុន។ការលើកឡើងរបស់ ក្រសួងកសិកម្ម ក្រោយពីមានចម្ងល់មួយចំនួនពាក់ព័ន្ធនឹងតម្រូវការ និងការផ្គត់ផ្គង់ត្រីនៅកម្ពុជា។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងកសិកម្ម នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងកសិកម្ម បានពន្យល់ថា បច្ចុប្បន្នប្រជាជនខ្មែរមានការកើនឡើងជារៀងរាល់ឆ្នាំ ផ្អែកតាមតួលេខបណ្ដោះអាសន្ននៃជំរឿនទូទៅ ប្រជាជនសរុបតាមវិធីសាស្ត្រឃើញរាប់ (de-facto) នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ មានចំនួន ១៥ ២៨៨ ៤៨៩នាក់ ដែលកើនឡើងចំនួន ១៤១% រយៈពេល១១ឆ្នាំ រវាង ឆ្នាំ២០០៨ និងឆ្នាំ២០១៩ ដែលធ្វើឲ្យតម្រូវការត្រី សាច់សម្រាប់បរិភោគមានការកើនឡើង ផងដែរ។បើតាមការស្រាវជ្រាវ ប្រជាជនម្នាក់បរិភោគត្រីប្រមាណ ៥២,៤គីឡូក្រាម ក្នុង១ឆ្នាំ ប៉ុន្តែចំពោះប្រជាជន ដែលរស់នៅតំបន់ទំនាបលិចទឹក បរិមាណនៃការបរិភោគត្រីបានកើនឡើងដល់ទៅប្រមាណ ៧៥,៦គីឡូក្រាមក្នុង ១ឆ្នាំ។

ក្រសួង បន្ដថា ឆ្លើយតបទៅនឹងតម្រូវការខាងលើនេះ ពិសេស ក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺឆ្លងកូវីដ-១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តប្រកបដោយភាពកក់ក្ដៅ ដើម្បីអនុវត្តគម្រោងវារីវប្បកម្ម ពិសេសការចិញ្ចឹមត្រីអណ្តែង និងកង្កែបក្នុងតង់ប្លាស្ទិក ដោយប្រើរយៈពេលខ្លី ចំណាយដើមទុនតិច និងទទួលបានប្រាក់ចំណូលខ្ពស់ នៅតាមខេត្តគោលដៅចំនួន១១ និង ខេត្តទទួលរងគ្រោះជំនន់ទឹកភ្លៀងចំនួន៤នាពេលកន្លងមក។លើសពីនេះ ក្រសួងកសិកម្ម ក៏បានសហការយ៉ាងល្អប្រសើរជាមួយ សមាគមវារីវប្បករនៅកម្ពុជាផងដែរ។ អនុវត្តតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ២០១៦-២០៣០ ជាលទ្ធផល ជាក់ស្តែងផលិតកម្មវារីវប្បកម្មក្នុងឆ្នាំ២០២០នេះ បានកើនឡើងរហូតដល់ជាង ៣០% បើប្រៀបធៀបនឹងឆ្នាំ២០១៩។

ក្រសួង បន្ថែមថា ជាការពិត ធនធានមនុស្សពាក់ព័ន្ធនឹងការងារវារីវប្បកម្មមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធ្វើវារីវប្បកម្មនៅកម្ពុជា។ ជាក់ស្តែង មន្ត្រីជំនាញវារីវប្បកម្មត្រូវបានទទួលការបណ្តុះបណ្តាលក្នុង និងក្រៅប្រទេស និងបានយកចំណេះជំនាញនេះ ទៅបណ្តុះបណ្តាលដល់កសិករឱ្យចេះចិញ្ចឹមត្រីនៅស្ទើរតែគ្រប់រាជធានី ខេត្តដែលមានសក្តានុពលផលិត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ