ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអំពាវនាវឱ្យអ្នកផលិតរថយន្តឬអ្នកនាំចូលរថយន្ត ត្រូវតែគោរពស្តង់ដារមួយ គឺមិនអាចឱ្យកម្ពុជាទៅជាធុងសំរាមរបស់អ្នកដទៃនោះទេ។

ការលើកឡើងបែបនេះរបស់លោករដ្ឋមន្រ្តី លោក កែវ រតនៈ បានធ្វើឡើង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពី «គោលការណ៍ និងនីតិវិធីសម្រាប់គ្រប់គ្រង និងបញ្ញត្តិលើការអភិវឌ្ឍ និងការធ្វើសេវាកម្មបញ្ចូល ថាមពលឱ្យយានយន្តអគ្គិសនី» ដើម្បីផ្តល់ជម្រើស និងកាត់បន្ថយចំណាយជូនអ្នកប្រើប្រាស់យានយន្តនៅកម្ពុជាព្រមទាំងចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលបរិយាកាស នៅទីស្ដីការក្រសួងរ៉ែ និងថាមពល។

លោករដ្ឋមន្រ្តី បានបន្ដថា កម្ពុជាត្រូវតែជាចំណែកមួយនៃសមហរណកម្មជាមួយអាស៊ាន ដើម្បីទទួលបានសុវត្ថិភាព ប្រសិទ្ធិភាព ថ្លៃ សមរម្យ ត្រូវចេញពីទីមួយមុនគេ គឺការពារ ប្រឆាំង និងមិនអនុញ្ញាតការធ្វើសេវាកម្មផ្តាច់មុខនៅតំបន់ណាមួយ ឬក៏ប្រើបច្ចេកវិទ្យាណាមួយផ្ដាច់មុខ។

លោក កែវ រតនៈ បានបន្ដថា រដ្ឋាភិបាល ដែលមានកាតព្វកិច្ចជាពិសេសជាមួយនឹងអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងការមើលថ្លៃអគ្គិសនី គឺធ្វើយ៉ាងណាធានាថា ថ្លៃអគ្គិសនីសមរម្យ និងមានលក្ខណៈប្រកួតប្រជែងជាមួយតម្លៃប្រេងឥន្ធនៈដើម្បីលើកទឹកចិត្តដល់អ្នកប្រើប្រាស់។ ជាមួយគ្នានេះ យានយន្តអគ្គិសនីនឹងជួយជំរុញការប្រើប្រាស់ថាមពលស្អាត ដែលកម្ពុជាសព្វថ្ងៃនេះកម្ពុជាមានថាមពលស្អាតចំនួន ៦២% ដោយជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីឡាវ និងព្យាយាមធ្វើយ៉ាងណាឲ្យបានប្រមាណ ៧០% នៅក្នុងឆ្នាំ ២០៣០។

បន្ថែមពីនេះ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ការដាក់ផែនការខ្ពស់នេះនឹងមានការប្រឈមច្រើន ប៉ុន្តែប្រសិនបើយើងដល់ឆ្នាំ២០៣០ ខកខាន ឬ ស្ទើរតិចតួច គឺយើងសុខចិត្តខ្វះខាត។ ដូច្នេះហើយបានជាព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចបវេធិបតី ហ៊ុន ម៉ាណែត គឺយើងបានកំណត់យក ៧០% ថាមពលស្អាតសម្រាប់គោលដៅឆ្នាំ២០៣០ ដែលជាគោលដៅខ្ពស់មួយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ