មេបញ្ជាការកងទ័ពជើងគោក ដាក់បទបញ្ជាឱ្យកងទ័ពជើងគោកត្រៀមកម្លាំង មធ្យោបាយ សម្ភារ ដើម្បីចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង
ក្នុងគ្រាដែលប្រជាពលរដ្ឋនៅក្នុងខេត្តមួយចំនួនបានទទួលរងគ្រោះដោយសារទឹកជំនន់ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដាក់បទបញ្ជាឱ្យបណ្ដាអង្គភាពចំណុះកងទ័ពជើងគោក ត្រៀមលក្ខណៈ កម្លាំង មធ្យោបាយ សម្ភារ ដើម្បីចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅក្នុងភូមិសាស្ត្រនោះត្រូវរបស់ខ្លួន។
ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបណ្ដាអង្គភាពរួមមានកម្លាំងទីបញ្ជាការយោធភូមិភាគទី៥ កងពលតូចលេខ៥១ ៥២ ៥៣ កងពលតូចលេខ១៤ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន និងកងការពារព្រំដែន ៥០២ ៥០៣ បានចុះជួយឃុំនៅក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងពោធិ៍សាត់ ដោយបានប្រើកម្លាំង មធ្យោបាយ សម្ភារ ដើម្បីចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។
ក្នុងនោះផងដែរ លោក មេបញ្ជាការកងទ័ពជើងគោក បានចេញបទបញ្ជាឱ្យកម្លាំងអន្តរាគមន៍របស់បញ្ជាការដ្ឋានកងទ័ពពិសេស៩១១ បញ្ជូនអូប័រ កាណូតចំនួន២០គ្រឿង និងកងពលដឹកជញ្ជូនលេខ៩០ រថយន្តជាង៣០គ្រឿង ដើម្បីចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ។
មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះនាយទាហាន នាយទាហានរង ពលទាហាន នៅតាមបណ្ដាអង្គភាពចំណុះយោធភូមិភាគទី៥ (ដែលរួមមានតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កងពលតូចថ្មើរជើងលេខ៥១, ៥២, ៥៣ និង កងពលតូចអន្តរាគមន៍លេខ១៤) ដែលបានចាត់តាំងកម្លាំងមធ្យោបាយ និងសម្ភារ ចុះជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលានៅក្នុងភូមិសាស្ត្រ។
នាឱកាសនោះ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ថែរក្សាកូនចៅកុមារតូចៗ និងថែរក្សាការពារសុខភាពពីជំងឺផ្សេងៗ៕SP