រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្រើនរំឮកដល់កងទ័ព ចូលរួមឱ្យបានម៉ឺងម៉ាត់ ជួយសង្រ្គោះពលរដ្ឋ ក្នុងគ្រាជួបគ្រោះទឹកជំនន់
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានក្រើនរំឮកដល់កងយោធពលខេមរភូមិន្ទ ព្រមទាំងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវចូលរួមឱ្យបានម៉ឺងម៉ាត់ ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងករណីមានតម្រូវការជួយសង្គ្រោះចាំបាច់នានា ក្នុងគ្រាជួបគ្រោះទឹកជំនន់។
តាមរយៈទំព័រ Facebook ផ្លូវការនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានក្រើនរំឮកយ៉ាងដូច្នេះថា៖ «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងគ្រាដែលយើងកំពុងទទួលរងនូវជំនន់ទឹកភ្លៀង ដែលបានបណ្តាលឱ្យលិចលង់នៅតាមបណ្តាខេត្តមួយចំនួន។ កងយោធពលខេមរភូមិន្ទ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមឱ្យបានម៉ឺងម៉ាត់ ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋយើង ក្នុងករណីមានតម្រូវការជួយសង្គ្រោះចាំបាច់នានា»។
ការក្រើនរំឮកបែបនេះ បានធ្វើឡើងក្រោយបណ្តាខេត្តមួយចំនួនរបស់ប្រទេសកម្ពុជា បានទទួលរងគ្រោះដោយសារតែទឹកជំនន់ជន់ឡើង ធ្វើឱ្យខូចខាតផ្ទះសម្បែង ផ្លូវថ្នល់ បាត់បង់ទីជម្រក និងបំផ្លិចបំផ្លាចទ្រព្យសម្បត្តិអស់ជាច្រើនផងដេរ។SP