អាជ្ញាធរមីន ណែនាំឱ្យការពារ និងទប់ស្កាត់គ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញសេចក្តីណែនាំ ស្តីពីការពង្រឹងវិធានការការពារ និងទប់ស្កាត់គ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់។ នេះបើតាមសេចក្ដីណែនាំ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ។
ក្នុងពេល និងក្រោយពេលទឹកជំនន់ មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមួយចំនួន ត្រូវបានប្រទះឃើញ ដោយសារការហូរច្រោះដី រសាត់មកពីតំបន់ដែលមានមីន ប្រឆាំងមនុស្ស មីនប្រឆាំងរថក្រោះ និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាច្រើនប្រភេទ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋជាយថាហេតុ ជាពិសេសប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ដែលរងផល ប៉ះពាល់ដោយសារមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម។
ដើម្បីទប់ស្កាត់បាននូវគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងពេលនិងក្រោយ ពេលគ្រោះទឹកជំនន់ អាជ្ញាធរមីន សូមធ្វើការណែនាំ ដូចខាងក្រោម៖
ទី១៖ បន្តតាមដានជាប្រចាំនៅតាមទីទួលសុវត្ថិភាព និងកន្លែងទំនាបនានាដែលប្រជាពលរដ្ឋស្នាក់-នៅ និងឆ្លងកាត់ ដើម្បីបញ្ជៀសគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ទី២៖ ផ្សព្វផ្សាយជាប្រចាំដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា និងកុមារី ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងពេលប្រទះឃើញ គ្រាប់ទាំងនោះ សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ ឬ ប្រតិបត្តិករបោស សំអាតមីនដែលនៅទីនោះជាបន្ទាន់ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។
ទី៣៖ រៀបចំខ្លឹមសារផ្សព្វផ្សាយ និងផលិតជាសម្ភារអប់រំ សម្រាប់ផ្តល់ជូនភ្នាក់ងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក្នុងតំបន់រងគ្រោះ ដោយសារទឹកជំនន់។
ទី៤៖ ធ្វើការឆ្លើយតបឲ្យបានទាន់ពេលវេលា ក្នុងការប្រមូលយកទៅកំទេចចោលនូវមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាមដែលប្រជាពលរដ្ឋបានរាយការណ៍។
ទី៥៖ ដាក់ស្លាកសញ្ញាសំគាល់ជាបន្ទាន់ នៅតាមតំបន់សង្ស័យមានមីន និងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចហូរតាមទឹក និងដីល្បាប់ ដើម្បីទប់ស្កាត់កុំ ឲ្យពល រដ្ឋចូល ទៅស្នាក់នៅ ឬ ឆ្លងកាត់។
ទី៦៖ បន្តចុះអប់រំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឲ្យបានជាប់ជាប្រចាំ ដល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅបណ្តោះអាសន្ន តាមទីទួល សុវត្ថិភាពនានា ក៏ដូចជាតំបន់ ដទៃទៀតធ្វើយ៉ាងណាកុំឲ្យប្រជាពលរដ្ឋរងគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងពេល និងក្រោយពេល គ្រោះទឹកជំនន់៕SP