សំបុកត្រចៀកកាំកម្ពុជា នឹងត្រូវនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្រោយចុះពិធីសារជាផ្លូវការ ជាមួយគយចិន
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសដល់ម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំសម្រាប់ការនាំចេញ មកដាក់ពាក្យស្នើសុំនៅទីស្តីការក្រសួងកសិកម្ម បន្ទាប់ពីក្រសួងបានចុះហត្ថលេខាលើពិធីសារពាណិជ្ជកម្មមួយជាមួយអគ្គរដ្ឋបាលគយចិន សម្រាប់ធ្វើការនាំចេញសំបុកត្រចៀកកាំពីកម្ពុជា ទៅកាន់ប្រទេសចិន កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។
ក្រសួងបានបញ្ជាក់ថា បន្ទាប់ពីទទួលពាក្យស្នើសុំ អង្គភាពជំនាញនឹងចាត់ចែងធ្វើការត្រួតពិនិត្យ និងវាយតម្លៃគ្រប់ជំហាន ដោយអនុលោមតាមបទដ្ឋានបច្ចេកទេសពាក់ព័ន្ធដូចមានកំណត់ក្នុងពិធីសារ និងសម្របសម្រួលជាមួយភាគីគយចិនដើម្បីនាំចេញ។
កិច្ចព្រមព្រៀងនេះ គឺជាជំហានសំខាន់មួយក្នុងការជំរុញការនាំចេញផលិតផលក្នុងស្រុកដែលមានតម្លៃខ្ពស់ និងការរីកចម្រើនផ្នែកសេដ្ឋកិច្ចជនបទរបស់កម្ពុជា។
គួរបញ្ជាក់ថា ផលិតកម្មសំបុកត្រចៀកកាំនៅកម្ពុជា ភាគច្រើនផលិតនៅខេត្តជាប់មាត់សមុទ្រ ដូចជា ខេត្តកំពត ខេត្តកោះកុង ប៉ុន្តែសក្ដានុពលសម្រាប់ការវិនិយោគបន្តបានប្ដូរ មកខេត្តភូមិភាគកណ្ដាល ដូចជាខេត្តកំពង់ធំ ខេត្តជុំវិញ បឹង ទន្លេសាប ខេត្តស្ទឹងត្រែង និងព្រះវិហារវិញ៕