ក្រោយពីចាញ់ឆ្នោត ពេលនេះ លោក ដូណាល់ ត្រាំ ប្រកាសលក់ឧទ្ធម្ភាគចក្រផ្ទាល់ខ្លួន ក្នុងតម្លៃ១លានដុល្លារ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសលក់ឧទ្ធម្ភាគចក្រ ប្រភេទ S76 ក្នុងតម្លៃពី៨០ម៉ឺន ដល់១លានដុល្លារអាមេរិក។
ប្រធានាធិបតិតែមួយអាណត្តិរូបនេះត្រូវបានគេជឿជាក់ថាបានដាក់ឧទ្ធម្ភាគចក្រប្រភេទ Sikorsky S-76B ទៅក្នុងបញ្ជីលក់ចេញ។ឧទ្ធម្ភាគចក្រមួយគ្រឿងនេះត្រូវបានគេដឹងដែរថាត្រូវបានប្រើប្រាស់ដោយលោក Donald Trump ដោយផ្ទាល់កាលពីអំឡុងពេលយុទ្ធនាការរបស់លោក Trump នាឆ្នាំ២០១៦។
Sikorsky S-76B ត្រូវបានចុះឈ្មោះក្នុងនាមជាឧទ្ធម្ភាគចក្រស៊ិវិលជាមួយនឹងកូដ N76DT ដោយវាមិនត្រូវបានហោះហើរដោយលោក Trump តាំងតែពីពេលដែលលោកបានឡើងកាន់តំណែងជាប្រធានាធិបតីកាលពីឆ្នាំ 2017 ពីព្រោះថា ជាធម្មតាប្រធានាធិបតីអាមេរិកនឹងមានយន្តហោះ Air Force One និងឧទ្ធម្ភាគចក្រ Marine One សម្រាប់ប្រើប្រាស់រួចទៅហើយ។
តាមការស្រាវជ្រាវរបស់កាសែត The New York Times បានឲ្យដឹងថា Sikorsky S-76B នេះមានតម្លៃប្រមាណជា 875 000 ដុល្លារកាលពីឆ្នាំ 2016 ប៉ុន្តែការដាក់លក់ជាផ្លូវការលើគេហទំព័រ Aero Asset និង Jet Edge Partners នេះគឺមិនទាន់មានតម្លៃច្បាស់នៅឡើយទេ៕