សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមទទួលព្រះរាជដំណើររបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងនិវត្តន៍ពីការចូលរួមពិធីបើកសម្ពោធព្រឹតិ្តការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង
ភ្នំពេញ ៖ នៅយប់ថ្ងៃសៅរ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមទទួលព្រះរាជដំណើររបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងនិវត្តន៍ពីការចូលរួមក្នុងពិធីបើកសម្ពោធព្រឹតិ្តការណ៍កីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។
ក្នុងព្រះរាជពិធីទទួលព្រះរាជដំណើរយាងមាតុភូមិនិវត្តន៍របស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នារសៀលនេះ ក៏មានការចូលរួមពី សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង, សម្តេចវិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងមន្ដ្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជាច្រើនរូបទៀត។
សូមជម្រាបជូនផងដែរថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យព្រះរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតប្រទានកិច្ចសម្ភាសន៍ជាលាយលក្ខណ៍អក្សរជាមួយក្រុមសារព័ត៌មានXinhua នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ដោយព្រះអង្គបានមានព្រះរាជបន្ទូលថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា និងកីឡាប៉ារ៉ាឡាំពិករដូវរងាប៉េកាំង ដែលក្រោមពាក្យស្លោកប្រធានបទ «រួមគ្នាឆ្ពោះទៅអនាគត» នេះបានបង្ហាញឱ្យឃើញពីបំណងប្រាថ្នារបស់សហគមន៍វាសនារួមនៃមនុស្សជាតិនិងការយកឈ្នះលើបញ្ហាប្រឈមជាសកល។
ព្រះអង្គ ទ្រង់បានវាយតម្លៃខ្ពស់ចំពោះពាក្យស្លោក ប្រធានបទ «រួមគ្នាឆ្ពោះទៅអនាគត» របស់កីឡាអូឡាំពិករដូវរងា និងកីឡាប៉ារ៉ាឡាំពិកប៉េកាំងឆ្នាំ២០២២ ដោយឃើញថា ក្នុងបរិបទកូវីដ-១៩ ពិភពលោកកំពុងប្រឈមមុខជាមួយភាពលំបាកគ្រប់ប្រភេទ ហើយពាក្យស្លោកជាប្រធានបទនេះ បានបង្ហាញពីពិភពលោកត្រូវខិតខំរួមគ្នាដើម្បីសម្រេចបាននូវភាពត្រចះត្រចង់នាថ្ងៃអនាគត។ «រួមគ្នាឆ្ពោះទៅអនាគត» បានឆ្លុះបញ្ចាំងពីការរួបរួមសាមគ្គីគ្នានិងខិតខំរួមគ្នា និងបង្ហាញពីគុណតម្លៃស្នូលនិងចក្ខុវិស័យនៃកីឡាអូឡាំពិក និងព្រមទាំងការស្វែងរកគោលដៅរួបរួមសន្តិភាព និងភាពរីកចម្រើននៃពិភពលោក។
គួរបញ្ជាក់ថា ប្រទេសចិន បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានអត្តពលិកចូលរួមប្រកួតជិត ៣,០០០នាក់ មកពី ៩១ប្រទេស ដោយប្រកួតប្រជែងលើ វិញ្ញាសា ចំនួន១៥ និងមានកម្មវិធីប្រកួត ចំនួន១០៩កម្មវិធី លើប្រភេទកីឡាចំនួន ៧ប្រភេទ។ ពិធីបើកព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោមអធិបតីភាព លោក Xi Jinping ប្រធានាធិបតីចិន ដោយមានការចូលរួមពីសំណាក់មេដឹកនាំលើពិភពលោកជាង ២០រូបទៀត៕EB