ភ្នំពេញ ៖ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៤៨ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស ដើម្បីប្រើប្រាស់យូរអង្វែង និងបញ្ចប់គម្រោងតាមផែនការបានកំណត់។

ក្នុងកិច្ចប្រជុំពិភាក្សា ជំរុញវឌ្ឍនភាពការងារសាងសង់គម្រោង លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នាថ្ងៃទី៣ កុម្ភៈ លោក សូរ វ៉ិចទ័រ បានណែនាំក្រុមហ៊ុនសាងសង់ ទាញយកឱកាសក្នុងរដូវប្រាំឆ្នាំនេះ ដើម្បីពន្លឿនវឌ្ឍនភាពការងារសាងសង់របស់ខ្លួន ដោយហេតុថា ស្ថានភាព ភូមិសាស្ត្រផ្លូវជាតិលេខ៤៨នេះ មានលក្ខណៈខុសគ្នាពីស្ថានភាពភូមិសាស្ត្រនៃផ្លូវផ្សេងទៀត។ កំណាត់ផ្លូវនេះជាផ្លូវឋិតនៅក្នុងភូមិសាស្ត្រជាប់មាត់សមុទ្រ សំបូរទៅដោយភ្លៀងធ្លាក់ជោគជាំ បង្កការលំបាកដល់ ការងារសាងសង់។

លោក បានថ្លែងថា «សូមជំរុញឲ្យក្រុមហ៊ុនសាងសង់កំណាត់ផ្លូវនេះ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកឲ្យបានជាដាច់ខាត ជាពិសេសត្រូវអនុលោមតាមលក្ខខណ្ឌអាទិភាពចំនួន២ រួមមាន ៖ សំណង់ផ្លូវមានគុណភាពរឹងមាំអាចប្រើប្រាស់បានយូរអង្វែង និងការបញ្ចប់គម្រោងតាមផែនការដែលបានកំណត់»។

បន្ថែមពីលើនេះ លោករដ្ឋលេខាធិការ និងក្រុមការងារបច្ចេកទេសរបស់ក្រសួង បានកំណត់ឲ្យក្រុមហ៊ុន សាងសង់ពន្លឿនវឌ្ឍនភាពការងាររបស់ខ្លួនឲ្យបាន១៥% គិតត្រឹមចុងខែឧសភា ឆ្នាំ២០២២ខាងមុខ និង បានជំរុញឲ្យក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនប្រឹក្សាបច្ចេកទេសសាងសង់ អ្នកម៉ៅការបន្ត កម្មករនិយោជិត និងភាគីពាក់ព័ន្ធទាំងអស់សហការគ្នាឲ្យបានជិតស្និទ្ធ ដើម្បីសម្រេចបានវឌ្ឍនភាពការងារដែលបាន កំណត់ខាងលើនេះ។  

លោក ក៏បានជំរុញក្រុមហ៊ុនពិនិត្យលទ្ធភាពបន្ថែមគ្រឿងចក្រ និងកម្លាំងពលកម្មឲ្យបានច្រើនថែមទៀត ដើម្បីធានាឲ្យការសាងសង់បញ្ចប់ទៅតាមកាលបរិច្ឆេទគ្រោងទុកប្រកបដោយគុណភាពរឹងមាំ។ 

ជាការឆ្លើយតប តំណាងក្រុមហ៊ុនសាងសង់ បានប្តេជ្ញាអនុវត្ត និងទទួលយកការណែនាំពី លោក រដ្ឋលេខាធិការ និងក្រុមការងារបច្ចេកទេស ដើម្បីឲ្យគម្រោងសាងសង់ផ្លូវទាំងនេះមានគុណភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង ដោយសហការជាមួយថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។  

សូមបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង ១៤៨គីឡូម៉ែត្រ។ គម្រោងនេះប្រើប្រាស់រយៈពេលសាងសង់ ចំនួន ៣២ខែ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យ បច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture គ្រោងចំណាយ ថវិកាសរុបប្រមាណ ៦៥.១៤លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ