រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យជប៉ុន ជ្រើសរើសកម្ពុជា ជាដៃគូអាជីវកម្ម និងទិសដៅវិនិយោគ
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអំពាវនាវឱ្យពាណិជ្ជករជប៉ុន សហគ្រិន និងអ្នកវិនិយោគពិចារណាជ្រើសរើសកម្ពុជា ជាដៃគូអាជីវកម្ម និងទិសដៅវិនិយោគ ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានធានានូវស្ថិរភាពសន្តិភាព និងនយោបាយ ព្រមទាំងការវិនិយោគ និងបរិយាកាសអាជីវកម្ម ដែលអំណាយផលសម្រាប់វិនិយោគិនជប៉ុន។យោងតាមក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ការអំពាវនាវបែបនេះបានធ្វើឡើងឱកាសដែលលោក ប៉ាន សូរស័ក្តិ បានទទួលជួបពិភាក្សាការងារជាមួយ លោក Fumiaki TAKAHASHI ប្រធានសមាគមជប៉ុន-កម្ពុជា នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។
ជាការឆ្លើយតប លោកប្រធានសមាគមបានសម្ដែងនូវការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម ជាពិសេសការសម្រេចបាននូវយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេស។
លោករដ្ឋមន្រ្តី បន្តថា ជាមួយនឹងភាពជាដៃគូជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការនេះ ជប៉ុនបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់នូវកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគលើវិស័យច្រើនទៀត។
លើសពីនេះវិនិយោគិនជប៉ុនបានមកវិនិយោគនៅកម្ពុជា ដោយនាំមកនូវ លំហូរបច្ចេកវិទ្យា ចំណេះដឹង និងជំនាញ ពីការវិនិយោគផ្ទាល់ពីប្រទេសជប៉ុន (FDI) និងជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA)។
លោករដ្ឋមន្រ្តី បន្ថែមថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន (AJCEP) បានពន្លឿនការឆ្លើយតបនឹងការអភិវឌ្ឍសេដ្ឋកិច្ចរវាងកម្ពុជា និងជប៉ុន តាមរយៈការផ្តល់សិទ្ធិសេរីភាពនៃពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ។ ជាក់ស្ដែង តាមស្ថិតិពាណិជ្ជកម្មពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (DGCE) ការនាំចេញផលិតផលកម្ពុជាទៅកាន់ប្រទេសជប៉ុនបានឈានដល់ប្រមាណ ១,៥ ពាន់លានដុល្លារ គិតត្រឹម ខែសីហា ឆ្នាំ២០២១។ សក្តានុពលផលិតផលនាំចេញរួមមាន សម្លៀកបំពាក់ និងគ្រឿងសង្ហារឹម ដែលមានចំនួនខ្ពស់បំផុតក្នុងចំណោមផលិតផលផ្សេងទៀត ក្រៅពីនោះមានផលិតផលស្បែកជើង សម្លៀកបំពាក់ វាយនភ័ណ្ឌ និងផលិតផលប្រើប្រាស់ផ្សេងៗទៀតជាច្រើនមុខ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ