ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា ដោយអនុលោមតាមអនុស្សារណៈនៃការយោគយល់គ្នា រវាងកម្ពុជា និងសហរដ្ឋអាមេរិក សមុច្ច័យដ៏មានតម្លៃនៃសម្បត្តិវប្បធម៌ខ្មែរចំនួន២៨រូប នឹងត្រូវបញ្ជូនត្រឡប់មកមាតុប្រទេសវិញ។

វត្ថុបុរាណទាំងនោះមានជាអាទិ៍ រូបចម្លាក់ព្រះគណេស ដែលគេជឿជាក់ថា មានប្រភពមកពីប្រាសាទបាក់ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ ផ្អែកតាមសាក្សី បានបញ្ជាក់ថា រូបចម្លាក់នេះត្រូវបានលួចយកចេញពីប្រាសាទអស់ រយៈពេលប្រមាណពីរទសវត្សរ៍មកហើយ។ ក្នុងឆ្នាំ២០២១ អង្គការសម្ព័ន្ធភាពបុរាណវត្ថុបានចាត់ទុកបដិមាព្រះគណេសនេះ ជារូបចម្លាក់ដ៏ប្រណិតមួយដែលពិភពលោកចង់បានបំផុត ក្នុងចំណោមវត្ថុទាំង១០ ដែលត្រូវបានគេលួច។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា រូបចម្លាក់ព្រះគណេសនេះ គឺជាគំរូដ៏ល្អឯកមួយទៀត របស់បុព្វបុរសខ្មែរយើង។ ព្រះគណេស គឺជាទេពហិណ្ឌូដែលមានព្រះសិរជាសត្វដំរី និងត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ អំពីឬទ្ធិអំណាចរបស់ព្រះអង្គ ជាទេពនៃចំណេះដឹង និងកំចាត់ឧបសគ្គ ហើយការវិលត្រឡប់មកមាតុប្រទេសវិញ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយរបស់កម្ពុជា។

លោកស្រីបន្តថា វត្ថុបុរាណដទៃទៀតមានដូចជា ព្រះពុទ្ធបដិមាធ្វើពីថ្មភក់ សតវត្សរ៍ទី៧-៨, បដិមាព្រះវិស្ណុ ធ្វើពីថ្មភក់ សតវត្សទី១០ និងបដិមាព្រះនាងលក្ស្មី ធ្វើពីសំរិទ្ធ សតវត្សទី១០។ ការបញ្ជូនត្រឡប់មកវិញនេះ គឺបញ្ជាក់ពីការបន្តប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការស្វែងរក និងនាំយកមកវិញនូវព្រលឹងរបស់បុព្វបុរសខ្មែរយើង ដែលបានចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំ ក្នុងអំឡុងសម័យសង្គ្រាម៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ