ខេត្តបាត់ដំបង៖ ការិយាល័យផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ពលករខ្មែរចំនួន ១២៤នាក់ទៀតត្រូវអាជ្ញាធរថៃចាប់បានបញ្ជូនឱ្យត្រឡប់មកកម្ពុជាវិញ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។
ពាក់ព័ន្ធនឹងបញ្ហានេះ សមត្ថកិច្ចប្រចាំមាត់ច្រកព្រំដែន បញ្ជាក់ថា ពលករដែលអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញ សរុបមានចំនួន១២៤នាក់ ក្នុងនោះស្រី៤៩នាក់ និងក្មេង២២នាក់។ ពួកគេត្រូវបានកម្លាំងសមត្ថកិច្ចសួរនាំបន្ទាប់ពីមកដល់ដោយកត់ឈ្មោះចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវីដ-១៩ រួចក្រុមគ្រូពេទ្យធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ តែអវិជ្ជមានទាំងអស់។
ពលករចំណាកស្រុកទាំងនោះ បាននិយាយថា ការធ្វើចំណាកស្រុកខុសច្បាប់ពេលនេះ គឺធ្វើឡើងនៅតាមច្រករបៀងតូចៗនៃព្រំដែនប្រទេសទាំងពីរហើយភាគច្រើន គឺពលករត្រូវបានមេខ្យល់បញ្ចុះបញ្ចូលឱ្យទៅរកការងារធ្វើវិញ។ បើតាមអាជ្ញាធរខេត្តព្រំដែនជាប់ប្រទេសថៃ បើទោះបីជាពលករអាចឆ្លងដែនទៅដល់ទឹកដីប្រទេសថៃ ក៏ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនមកកម្ពុជាវិញជាបន្តបន្ទាប់ដែរ។
សូមជម្រាបថា ក្នុងចំណោមពលករទាំង១២៤នាក់ខាងលើ មាន ៩២នាក់បានចាក់វ៉ាក់សាំង ចំណែកពលករចំនួន៣២នាក់ដែលមិនបានចាក់វ៉ាក់សាំង។ ទោះយ៉ាងណា ពួកគេត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ស្រុកសំពៅលូន៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ