យ៉ាងហោចណាស់ មនុស្ស ១៤នាក់រងរបួសក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅខាងក្រៅព្រះវិហារកាតូលិកនៅឥណ្ឌូនេស៊ី
ឥណ្ឌូនេស៊ី៖ នគរបាលបាននិយាយថា មនុស្ស ១៤នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារមានរបួស បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ នៅខាងក្រៅព្រះវិហារមួយកន្លែងក្នុងទីក្រុង Makassar ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃអាទិត្យ។
យោងតាមនគរបាលឥណ្ឌូនេស៊ីបានឲ្យដឹងថា ក្មាន់ផ្ទុះគ្រាប់បែកទាំង ២នាក់បានស្លាប់ និងពុំមានរបាយការណ៍ពីអ្នកស្លាប់ផ្សេងទៀតនោះទេ។ អគ្គស្នងការនគរបាលឥណ្ឌូនេស៊ី លោក Argo Yuwono បានប្រាប់បណ្ដាញសារព័ត៌មានថា ឆ្មាំសន្តិសុខម្នាក់ដែលព្យាយាមបញ្ឈប់ក្មាន់សង្ស័យបំផ្ទុះគ្រាប់បែកទាំង ២នាក់មិនឲ្យចូលទៅក្នុងព្រះវិហារ គឺស្ថិតក្នុងចំណោមអ្នករងរបួស។
យ៉ាងណាមិញ ជនសង្ស័យបានប្រើទោចក្រយានយន្តមួយគ្រឿង និងបំផ្ទុះនៅខាងក្រៅព្រះវិហារ ដែលកំពុងរៀបចំពិធីបុណ្យពិសិដ្ឋអ៊ីស្ទើរប្រចាំសប្តាហ៍ នៅពេលដែលពួកគេត្រូវបានគេរារាំងមិនឲ្យចូលក្នុងបរិវេនព្រះវិហារ។
គួរបញ្ជាក់ផងដែរថា ស្នងការនគរបាលខាងលើបាននិយាយថា ក្មាន់បំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ ក្នុងចំណោមជនបំផ្ទុះគ្រាប់បែកអត្តឃាតពីរនាក់ដែលបានវាយប្រហារ នៅវិហាររបស់ឥណ្ឌូនេស៊ីកាលពីថ្ងៃអាទិត្យ ជាមនុស្សរបស់ក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាម ដែលបានដាក់ការស្តីបន្ទោសចំពោះការបំផ្ទុះគ្រាប់បែក នៅព្រះវិហារផ្សេងទៀតក្នុងប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន៕