បរទេស៖ អតីតអ្នកកីឡាកាសនៅស្ថាប័ន WWE ដ៏ល្បី និងជាតារាភាពយន្ត លោក ចន ស៊ីណា បានចេញមុខសុំទោសប្រជាជនចិនដោយផ្ទាល់នៅថ្ងៃអង្គារនេះ ក្រោយលោកបានហៅកោះតៃវ៉ាន់ថា ជា “ប្រទេស” អំឡុងពេលធ្វើកិច្ចសម្ភាសន៍មួយ ស្តីពីការផ្សព្វផ្សាយសាច់រឿងចុងក្រោយរបស់ខ្លួន ដែលមានចំណងជើងថា “Fast & Furious 9” ។ នេះបើយោងតាមប្រភព Reuters

ក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ TVBS ដែលចុះផ្សាយនៅថ្ងៃអង្គារសប្តាហ៍នេះ លោក ចន ស៊ីណា បានអះអាងថា តៃវ៉ាន់ គឺជាប្រទេសដំបូង ដែលអាចទស្សនាភាពយន្ត Fast and Furious 9 បានមុនគេ ។ ការលើកឡើងបែបនេះ ធ្វើឱ្យប្រជាជនចិនរិះគន់យ៉ាងខ្លាំង រហូតធ្វើអោយលោក ស៊ីណា ចេញមុខសុំទោសចំពោះកំហុសរបស់ខ្លួនតែម្តង ។  

សូមជម្រាបផងដែរថា តាមរយៈគោលនយោបាយចិនតែមួយ រដ្ឋាភិបាលទីក្រុងប៉េកាំង តែងតែចាត់ទុកកោះតៃវ៉ាន់ គឺជាផ្នែកមួយរបស់ខ្លួន បើទោះបីរដ្ឋាភិបាលក្រុងតៃប៉ិ បង្ហាញពីឯករាជ្យភាពរបស់ខ្លួននៅចំពោះមុខចិនក៏ដោយ ។ កន្លងមក ថ្នាក់ដឹកនាំចិនព្រមានជាញឹកញាប់ថា ចិនអាចនឹងវាយលើដែនកោះមួយនេះ ប្រសិនបើស្ថិតក្នុងករណីចាំបាច់ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ