អង្គការចលនាដើម្បីសុខភាពកម្ពុជា គាំទ្រចំណាត់ការរដ្ឋបាលខេត្ដកំពង់ស្ពឺ ដែលហាមឃាត់មិនឱ្យ ផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង នៅភូមិសាស្រ្តរបស់ខ្លួន
ភ្នំពេញ ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា បានគាំទ្រចំណាត់ការរបស់រដ្ឋបាលខេត្ដកំពង់ស្ពឺ ដែលហាមមិនឱ្យ មានការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ប្រភេទ នៅភូមិសាស្រ្តខេត្ដកំពង់ស្ពឺ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ អង្គការចលនាដើម្បីសុខភាពកម្ពុជា នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ចំណាត់ការនេះ គឺជាការចាប់ផ្ដើមដ៏ល្អមួយ ក្នុងការកាត់បន្ថយ ការជួបជុំ ដែលផ្ទុយនឹងវិធានការ បីកុំ បីការពារ របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលការឆ្លងជំងឺកូវីដ១៩។ ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជំរុញ និងទាក់ទាញឱ្យមានអ្នកប្រើប្រាស់គ្រឿងស្រវឹងកាន់តែច្រើន។
អង្គការចលនា បន្ដថា ដើម្បីឱ្យវិធានការនេះមាននិរន្តរភាព និងប្រសិទ្ធភាពពេញលេញ កម្ពុជាគួរតែមានច្បាប់ ឬលិខិតគតិយុត្តិណាមួយសម្រាប់គ្រប់គ្រងគ្រឿងស្រវឹង។ ការហាមឃាត់មិនអោយផ្សាយពាណិជ្ជកម្មតាមរយៈស្លាកសញ្ញា មិនគ្រប់គ្រាន់សម្រាប់បង្ការប្រជាពលរដ្ឋពីការអូសទាញអោយប្រើប្រាស់គ្រឿងស្រវឹងទេ ព្រោះប្រជាពលរដ្ឋនៅតែរងឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមមធ្យោបាយផ្សេងទៀតដូចជា ទូរទស្សន៍ វិទ្យុ សារព័ត៍មាន បណ្ដាញផ្សព្វផ្សាយសង្គម ជាដើម។
ប្រភពដដែល ក៏បានបញ្ជាក់ថា ការប្រើប្រាស់គ្រឿងស្រវឹង ជាកត្តាចម្បងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាគ្រប់ប្រភេទ ភាពក្រីក្រ និងបង្កអោយមានជំងឺ ជាង២០០មុខ។ ការប្រើប្រាស់គ្រឿងស្រវឹង បានបង្កការគំរាមកំហែងដល់សុខភាពរបស់ប្រជាជន និងទាមទារឱ្យមានការឆ្លើយតបពីរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីកម្ពុជាសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ដោយទុកពេលរយៈពេល ១សប្ដាហ៍ សម្រាប់គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាកស្រាបៀ ក្នុងការរុះរើ ស្លាកសញ្ញាផ្សព្វផ្សាយ ពាណិជ្ជកម្មស្រាបៀ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ៕