(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធទី១២ ខែមករា ឆ្នាំ២០២២នេះ នាយកដ្ឋានព័ត៌មានវិទ្យា និងជាលេខាធិការដ្ឋាន ក្រុមការងាររដ្ឋាភិបាលឌីជីថល ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សាការងារ និងសម្តែងការស្វាគមន៍ជាមួយទីប្រឹក្សាបច្ចេកទេសម៉ាឡេស៊ី លោក Steven Lim Kee Seng តាមរយៈប្រព័ន្ធវីដេអូសន្និសិទ Zoom។
ជាកិច្ចស្វាគមន៍ លោកឧត្តមសេនីយ៍ទោ គឹម សិរីវុឌ្ឍ អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក Steven ដែលបានស្មគ្រចិត្ត យល់ព្រម ចំណាយពេលវេលាចែករំលែកនូវបទពិសោធ ដើម្បីចូលរួមផ្តល់ប្រឹក្សាយោបល់ល្អៗជូនដល់ក្រុមការងារ ក៏ដូចជាក្រសួងមហាផ្ទៃលើកិច្ចការងារកសាងផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាគមនាគម និងព័ត៌មាន របស់ក្រសួងមហាផ្ទៃ។
ជាការឆ្លើយតប លោក Steven ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឱ្យរូបលោកមានឱកាសចូលរួមចែករំលែកនូវបទពិសោធន៍ក្នុងវិស័យឌីជីថល បច្ចេកវិទ្យាគមនាគម និងព័ត៌មាន ជាមួយក្រុមការងារ។
គួរបញ្ជាក់ជូនផងដែរថា លោក Steven Lim Kee Seng មានបទពិសោធការងារជាង៣០ឆ្នាំក្នុងវិស័យ ឌីជីថល បច្ចេកវិទ្យាគមនាគម និងព័ត៌មាន ដែលធ្លាប់បម្រើការងារនៅវិស័យសាធារណៈ និងឯកជន ក្នុងប្រទេសម៉ាឡេស៊ី សង្ហបុរី និងប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទៀតផង៕