សម្ដេចតេជោ បញ្ជាក់ថា នៅក្នុងតំបន់ក្រហម ដរាបណាមិនទាន់ចាក់អស់ប្រជាជន គឺមិនដើរចោលពីប្រជាជនណាម្នាក់ឡើយ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នៅក្នុងតំបន់ក្រហមដរាបណាមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋអស់ទេ គឺក្រុមការងារចាក់វ៉ាក់សាំងមិនដើរចេញពីទីនោះដាច់ខាត។យោងតាមសារជាសំឡេង នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងតំបន់ក្រហមរយៈពេល៤ថ្ងៃកន្លងមកនេះ គឺប្រព្រឹត្តទៅបានយ៉ាងល្អ ហើយចំនួនអ្នកចាក់វ៉ាក់សាំង នៅក្នុងក្របខណ្ឌទូទាំងប្រទេសកើនឡើង ដល់ជាង១លាន៥សែននាក់ ដែលត្រូវជាជាង១៥ភាគរយ នៃចំនួនប្រជាជនដែលត្រូវចាក់។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្រាប់នៅក្នុងតំបន់ក្រហម កន្លងទៅគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងទូទាំងប្រទេស បានបញ្ជូនវ៉ាក់សាំងចំនួន៩០ម៉ឺនដូស ជូនទៅកងកម្លាំងប្រដាប់អាវុធ ដែលបាននឹងកំពុងប្រតិបត្តិការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម។ ប៉ុន្តែចំនួនតួលេខជាក់ស្ដែង សម្រាប់ប្រជាពលរដ្ឋ ដែលនៅតំបន់ក្រហមនោះ មានរហូតទៅដល់ជាង៥២ម៉ឺននាក់ តែវ៉ាក់សាំងយើងមានត្រឹមតែ៩០ម៉ឺនដូសតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «តែខ្ញុំសូមបញ្ជាក់ថា នៅក្នុងតំបន់ក្រហមនេះ ដរាបណាមិនទាន់ចាក់អស់ប្រជាជន គឺយើងមិនដើរចេញចោលប្រជាជនណាម្នាក់នោះទេ»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ចំនួនវ៉ាក់សាំងចំនួន៩០ម៉ឺនដូស ដែលបញ្ជូនទៅតំបន់ក្រហម គឺចាក់ជូនប្រជាជនបានត្រឹមតែជាង៤០ម៉ឺននាក់ ហើយប្រសិនបើមានការខូចខាតមួយចំនួន ដែលតាមធម្មតាតែងតែមានការខូចខាត ដែលយើងអាចប៉ាន់ស្មានថា អាចចាក់បានចំនួន៤៤ម៉ឺននាក់។ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងបន្ថែមថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមចំនួន៥២ម៉ឺននាក់ មិនមានការខ្វះខាតនោះទេ ខណៈដែលវ៉ាក់សាំងនឹងមកដល់ជាបន្តបន្ទាប់៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ