កម្ពុជា តវ៉ាឲ្យក្រុមហ៊ុន Voyage India បញ្ឈប់ជាបន្ទាន់ ការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្ត លើសំបកវេចខ្ចប់ផលិតផលអង្កររបស់ខ្លួន
ភ្នំពេញ ៖ នៅខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងពាណិជ្ជកម្ម កម្ពុជា បានរួមគ្នាពិនិត្យឃើញថា មានផលិតផលអង្ករបរទេស ប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice កំពុងចរាចរលក់តាមប្រព័ន្ធអនឡាញ ប្រើប្រាស់រូបប្រាសាទអង្គរវត្ត ដោយពុំមានការ អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការបរទេសខ្មែរ នាថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១ បានឲ្យដឹងថា ការខិតខំស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់ក្រសួងទាំងពីរ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាង ជិតស្និទ្ធជាមួយភាគីថៃ បានរកឃើញថា ម្ចាស់ផលិតអង្ករនេះ ជាក្រុមហ៊ុនឥណ្ឌា ឈ្មោះ Voyage India មានទីតាំងនៅរដ្ឋ Maharashtra នៃប្រទេសឥណ្ឌា។
ក្រសួង បញ្ជាក់ថា «ផ្អែកលើលទ្ធផលសហការស្រាវជ្រាវនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្រេចអោយស្ថានទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌា ចាត់វិធានការជាប្រញាប់តវ៉ាទៅភាគីឥណ្ឌា ឲ្យក្រុមហ៊ុន Voyage India បញ្ឈប់ជាបន្ទាន់ការប្រើប្រាស់ឈ្មោះនិងរូបប្រាសាទអង្គរវត្តលើសំបកវេចខ្ចប់របស់ខ្លួន ព្រោះទង្វើនេះប្រាសចាកនឹងច្បាប់ស្ដីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ព្រមទាំងរំលោភលើអនុសញ្ញាទីក្រុងប៉ារីសស្ដីពីកិច្ចការពារកម្មសិទ្ធិឧស្សាហកម្មថែមទៀតផង»។
ជាលទ្ធផល ក្រុមហ៊ុនឥណ្ឌានេះ បានបញ្ឈប់ការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តលើសំបកវេចខ្ចប់របស់ខ្លួន តាមការតវ៉ារបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌាហើយ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ