ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានបន្តលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពអនុគ្រោះ ក្នុងការបន្ធូរ បន្ថយ ឬពិន័យផ្សេងៗពីអតិថិជន ក្នុងដំណាក់កាលជំងឺកូវីដ-១៩ នៅកម្ពុជា។

យោងតាមសេចក្ដីជូនដំណឹងរបស់ ធនាគារជាតិនៃកម្ពុជា ថ្មីៗនេះ បានឱ្យដឹងថា ធនាគារជាតិ ដាក់ចេញនូវវិធានការអនុ គ្រោះជាបន្តបន្ទាប់ ដើម្បីចូលរួមគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈម និងសម្រាលបន្ទុកប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ 

ធនាគារជាតិ បន្ដថា ក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ធនាគារជាតិ ក៏បានសម្រេចបន្តវិធានការអនុគ្រោះដំណាក់កាល ទី៣ ដូចជា ៖ រក្សាការអនុវត្តប្រាក់បម្រុងកាតព្វកិច្ចតាម អត្រា៧% ដដែល រហូតដល់មានការជូនដំណឹងជាថ្មីពី ធនាគារជាតិនៃកម្ពុជា។

ធនាគារជាតិ បន្ថែមថា អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តធ្វើឥណទានរៀបចំឡើងវិញរហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។ ចំពោះអតិថិជនដែលរស់នៅទីតាំងតំបន់បិទខ្ទប់ តាមការកំណត់របស់រាជរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចធ្វើឥណទានរៀបចំឡើងវិញ លើសពី៣ដង ក្នុងអំឡុងពេលអនុគ្រោះនេះ។

ធនាគារជាតិ នៃកម្ពុជា បានបញ្ជាក់ថា «បន្តលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុពិនិត្យលទ្ធភាពអនុគ្រោះ បន្ធូរ បន្ថយឬលើកលែងការយកសោហ៊ុយ ឬការពិន័យផ្សេងៗតាមស្ថានភាពជាក់ស្ដែង របស់អតិថិជន»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ