រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ សហគមន៍ជាដៃគូសន្ទនាជាមួយរាជរដ្ឋាភិបាល ក្នុងការធានានិរន្តរភាពនៃការគ្រប់គ្រងធនធានធម្មជាតិ
ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ការបង្កើតបណ្តាញសហគមន៍ នៅតាមតំបន់ ការពារធម្មជាតិ ជាដៃគូសន្ទនារវាងប្រជាសហគមន៍និងរាជរដ្ឋាភិបាល ផ្លាស់ប្តូរយោបល់ ស្វែងរកដំណោះស្រាយរួមគ្នា ផ្តល់ការទទួលខុសត្រូវក្នុងការគ្រប់គ្រងនិង ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិឱ្យមាននិរន្តរភាព។
ក្នុងឱកាសជួបសំណេះសំណាល និងផ្តល់ម៉ូតូជូនគណៈកម្មាធិការបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់ នាថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០២១ នាទីស្តីការ លោក សាយ សំអាល់ បានថ្លែងថា «ក្រសួងបរិស្ថាននឹងខិតខំពង្រឹងភាព ជាដៃគូដ៏ល្អ ក្នុងការកសាងសហគមន៍ឲ្យមានការរីកចម្រើន ហើយភាពជាដៃគូសហការនេះ មានសារៈសំខាន់ ដែលផ្តល់ឱកាសឱ្យសហគមន៍តំបន់ការពារធម្មជាតិ អាចផ្លាស់ប្តូរបទពិសោធន៍ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរវឌ្ឍន៍ជីវភាពសហគមន៍ និងអាចលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយជាមួយមន្រ្តីជំនាញ និងក្រសួងបរិស្ថាន ដើម្បីពង្រឹងកិច្ចសហការល្អថែមទៀតក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់»។
លោក បានលើកទឹកចិត្តឲ្យសហគមន៍ជំរុញផលិតកម្មអាហារនៅតាមមូលដ្ឋាន ជាពិសេសពង្រឹងលើធនធានអ្វីដែល សហគមន៍មានស្រាប់ដូចជាការដាំដុះដំណាំរួមផ្សំផ្សេងៗ និងការចិញ្ចឹមសត្វ ដែលជួយឲ្យគ្រួសារប្រជាសហគមន៍ មានស្បៀងអាហារបរិភោគគ្រប់គ្រាន់ មានសុខភាពល្អបរិបូណ៍ មានកម្លាំងប្រាជ្ញាវាងវៃ និងបង្កើនជីវភាពគ្រួសារតាមរយៈ ការលក់ចេញផលិតផលនានា ទៅកាន់ទីប្រជុំជន ទៅកាន់ទីផ្សារនានានៅរាជធានីភ្នំពេញបន្ថែមទៀត។
លោក បន្ថែមថា សហគមន៍មួយចំនួនមានសក្តានុពលក្នុងការបង្កើតជាទេសចរណ៍ធម្មជាតិ ដែលអាចជួយឱ្យប្រជាពលរដ្ឋ មូលដ្ឋានមានសេដ្ឋកិច្ចរឹងមាំមួយកម្រិតទៀត តារយៈការផ្តល់សេវាទេសចរណ៍ល្អ ដូចជា ម្ហូបអាហារ បន្លែ ត្រី សាច់ និងវត្ថុអនុស្សាវរីយ៍ ជូនដល់អ្នកទេសចរណ៍ផងដែរ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានដំណើរការរៀបចំបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ទាំងថ្នាក់មូលដ្ឋាន ថ្នាក់តំបន់ និងថ្នាក់ជាតិ និងបានជួយបណ្តុះបណ្តាលការរៀបចំ គ្រប់ក្រង ផ្តល់សម្ភារៈ ពូជសត្វ ជាបន្តបន្ទាប់ជូនដល់សហគមន៍មួយចំនួន ដើម្បីពង្រឹងជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន៕EB