ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា  កម្ពុជាត្រូវបានចាត់ទុកជាប្រទេសមានសត្វក្ងោកច្រើនជាងគេ ដែលមានប្រមាណចន្លោះពី ២០០០ ទៅ ៣០០០ ក្បាល។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា សត្វក្ងោកបៃតង ជាប្រភេទសត្វកម្រនៅលើពិភពលោក។ បច្ចុប្បន្ន ពិភពលោកមានសត្វក្ងោកចន្លោះ ១៥០០០ ទៅ ២០០០០ ក្បាល ប៉ុណ្ណោះ។ 

ក្រសួង បញ្ជាក់ថា «កម្ពុជាត្រូវបានចាត់ទុកថា ជាប្រទេសដែលនៅមានវត្តមានសត្វក្ងោកច្រើនជាងគេ ដែលមានប្រមាណចន្លោះពី ២០០០ ទៅ ៣០០០ ក្បាល ហើយដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរីគឺ ជាទីតាំងមួយ ដែលមានចំនួនសត្វក្ងោកច្រើនជាងគេ នៅលើពិភពលោកមានប្រមាណ ៩៦៦ ក្បាល ហើយនៅតាមតំបន់ការពារធម្មជាតិផ្សេងទៀតមានចន្លោះពី៥០ ទៅ១០០ក្បាល»។ 

ក្រសួង បន្ដថា តាមការស្រាវជ្រាវ សត្វក្ងោកនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានចំនួនកើនឡើង។ ប្រទេសដែលនៅមានវត្តមានសត្វក្ងោកច្រើន ដូចជា ចិន ថៃ ឡាវ វៀតណាម និងឥណ្ឌូនេស៊ី ដែលមានប្រមាណជិត ១០០០ ក្បាលក្នុងប្រទេសនីមួយៗ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ