រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលស្គាល់ថា ផ្លូវខ្វះផ្លាកសញ្ញា គំនូសសញ្ញា ដោយសារថវិកា ទោះបីយ៉ាងណាត្រូវដោះស្រាយបញ្ហាសេសសល់
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានទទួលស្គាល់ថា កត្តាផ្លូវ ខ្វះផ្លាកសញ្ញា គំនូសសញ្ញា ដោយសារថវិកា ទោះបីយ៉ាងណាត្រូវដោះស្រាយសេសសល់ ហើយក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលរាជធានី-ខេត្ត ខិតខំបន្ដទៀតពីព្រោះបញ្ហានឹងជាចំណុចមួយសំខាន់ដែរ។
ក្នុងពិធីទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៦ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម សម្ដេច ស ខេង បានកោតសរសើរចំពោះពលីកម្ម និងសព្វបែបយ៉ាងរបស់មន្ដ្រីមានសមត្ថកិច្ចអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក គ្រប់លំដាប់ថ្នាក់ នៅទូទាំងប្រទេសកម្ពុជា ដែលបានបំពេញភារៈកិច្ច ដោយមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ក្នុងការរឹតបន្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំង រក្សាសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក, ផ្សព្វផ្សាយអបរំច្បាប់, កសាងជួសជុលកែលំអរស្ថានភាពផ្លូវថ្នូរ, សង្គ្រោះជនរងគ្រោះ និងកិច្ចការសំខាន់ជាច្រើនទៀត ទទួលបានលទ្ធផលល្អប្រសើរ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១នេះ។
សម្ដេច បន្ដថា ជាពិសេស កងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ បានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីការបាត់បងជីវិត និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។
សម្ដេច បញ្ជាក់ថា «កត្តាផ្លូវខ្វះផ្លាកសញ្ញា គំនូសសញ្ញា នៅតាមដងផ្លូវជាតិ និងផ្លូវជនបទ ក៏ដូចជា ឧបសគ្គ បង្កការលំបាកដល់ការបើកយានយន្ដ នេះជាការពិត ដោយសារថវិការបស់យើង ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ យើងក៏បានដោះស្រាយមួយចំនួន ហើយកិច្ចនៅសេសសល់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជា រដ្ឋបាលរាជធានី-ខេត្ត ខិតខំបន្ដទៀតពីព្រោះបញ្ហានឹងជាចំណុចមួយសំខាន់ដែរ។
សម្ដេច បន្ដថា «ប៉ូលីសចរាចរណ៍គ្នាពិបាកណាស់ ហើយប៉ូលីសចរាចរណ៍ហ្នឹងមែនទែនទៅ គឺធ្វើការទាំងយប់ និងទាំងថ្ងៃ នៅប្រចាំ ភ្លៀងផងក៏នៅហ្នឹង ពេលក្ដៅក៏នៅហ្នឹង ហើយមានប្ដូរវេន ហើយពេលខ្លះវេនយប់ ចឹងទៅ អ្នកខ្លះក្រោកពីព្រលឹម ឃើញថា តស៊ូ។ តែអត់ផ្លាកសញ្ញាទៀត យើងទៅចាប់គេ គេសួរថា អ្នកឯងមានស្អីមានជាសម្អាងមកឃាត់ខ្ញុំ ថាខ្ញុំអត់ខុស ពីព្រោះផ្លូវហ្នឹងអត់ផ្លាកសញ្ញាអាហ្នឹងយើងឆ្លើយអត់រួចទេ។ ខ្ញុំស្នើ ក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យដើម្បីនឹងជំរុញការងារបន្ដទៀត»។
នាឱកាសនោះ សម្ដេច ស ខេង ក៏បានរំលឹកថា នៅពេលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដាក់ចេញនូវការដឹកនាំក្នុងការរឹតបន្ដឹងច្បាប់ តាមអនុក្រឹត្យដែលបានធ្វើវិសោធនកម្ម ពេលនោះក៏មានប្រតិកម្ម ចំនួនពីធំៗ ទីមួយ ប្រតិកម្មអបអរសាទរ និងទីពីរ ប្រតិកម្មមិនគាំទ្រ។ ដោយលើកហេតុផលថា ក្នុងស្ថានភាពជំងឺកូវីដ-១៩ មិនគួររឹតបន្ដឹងនាំឱ្យប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពេលផាកពិន័យ ប្រជាពលរដ្ឋមិនមានថវិកាបង់។
សម្ដេច មានប្រសាសន៍ថា «ប៉ុន្ដែយើងគិតទៅ ជាយោបល់មួយដែល ប៉ុន្ដែយើងត្រូវគិតថា បើសិនជាគាត់គោរពច្បាប់ចរាចរណ៍ លុយទាំងឡាយ អត់ត្រូវបាច់បងទេ ហើយជីវិតរបស់គាត់នៅទៀត។ ប៉ុន្ដែផ្ទុយទៅវិញ បើគាត់មិនគោរពច្បាប់ លុយក៏បាច់ ជូនអីជីវិតក៏បាច់ ឬក៏អាចរងរបួស ។ ដូច្នេះហើយ ការយល់ឃើញបែបនេះ គឺយើងបន្ដរឹតបន្ដឹង លទ្ធផលដូចបានបញ្ជាក់ខាងលើចឹង»៕EB