សម្តេចតេជោ ៖ ថ្ងៃឆ្លងឆ្នាំ ខេត្តសៀមរាប ទទួលទេសចរជាប់លេខ១ ព្រះសីហនុលេខ២ ក្នុងចំណោមទេសចរ ទូទាំងប្រទេស ជាង២លាននាក់
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍ដោយមោទនភាពថា នាថ្ងៃឆ្លងឆ្នាំនៅខេត្តសៀមរាប បានទទួលទេសចរជាប់លេខ ១ ខេត្តព្រះសីហនុជាប់លេខ ២ ក្នុងចំណោមទេសចរសរុបទូទាំងប្រទេស ២ លាន ១ សែននាក់ បានដើរកំសាន្ត។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២១។
សម្ដេចតេជោ បញ្ជាក់់ថា «ទេសចរបានដើរលេង មានជាង ២ លាន ១ សែននាក់ ក្នុងឱកាសថ្ងៃឆ្លងថ្នាំ យប់ហ្នុងខ្ញុំអត់បានទៅណាទេ ខ្ញុំចាំមើលគេផ្សាយផ្ទាល់ ពីកន្លែងនេះ កន្លែងនោះ ដែលមានគេរាំពេញហ្នុងនៅឯកវិមានឈ្នះឈ្នះ ហើយតាមបណ្តាលខេត្តនានា មានមនុស្សម្នាទៅច្រើនលេង នៅខេត្តសៀមរាប ជាកន្លែងទទួលបានទេសចរលេខ ១ ព្រះសីហនុលេខ ២ ពួកគេអត់ទៅលេងនៅក្រៅប្រទេសទេ គឺនៅលេងក្នុងប្រទេសយើង មានរហូតដល់អ្នកខ្លះហ៊ានដេក មួយបន្ទប់ ៣ ពាន់ដុល្លារ ក៏មាន តាមកោះនានាថ្លៃសម្បើមទៀត ថ្លៃៗ អញ្ចឹងបានសេចក្តីថា ពលរដ្ឋយើងមានលទ្ធភាពដេកកន្លែងថ្លៃ ក្នុងប្រទេសវិញម្តង វាធ្វើឱ្យចរន្តសេដ្ឋកិច្ចរបស់យើងងើបឡើងវិញដែរ»។
សម្ដេចតេជោ បន្ដថា «ចំណូលជាតិក្រោយបើកប្រទេស ងើបឡើងវិញ បន្ទាប់ពីចាក់វ៉ាក់សាំងរួច ពេលនេះ ខ្ញុំកំពុងសង្កេតថាតើរឿងអ្វីវាកើតឡើង ម្សិលមិញនេះ អត់មានឆ្លងក្នុងសហគមន៍ទេ ឆ្លងនាំចូលពីក្រៅប្រទេសមកទេ»៕EB