ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានបញ្ជាក់ថា ចាប់តាំងពីដំណើរការ នៅដើមខែកុម្ភៈ ឆ្នាំ២០០៦ រហូតមកដល់ ឆ្នាំ២០២១នេះ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានដំណើរការរយៈពេល១៥ឆ្នាំហើយ ដោយបានចំណាយថវិកា ដែលបានមកពីការផ្តល់វិភាគទានស្ម័គ្រចិត្តរបស់ក្រុមប្រទេសម្ចាស់ជំនួនូវទឹកប្រាក់៣៣០លានដុល្លារ។

ការលើកឡើងបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី ការបើកសវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង០០២/០២ ប្រឆាំងនឹង ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជា ធិបតេយ្យ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ។


លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា «ក្នុងនោះបានចំណាយថវិកា ដែលបានមកពីការផ្តល់វិភាគទានស្ម័គ្រចិត្តរបស់ក្រុមប្រទេសម្ចាស់ជំនួយចំនួនទឹកប្រាក់ ៣៣០លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះភាគីជាតិនៃសាលាក្តី ចំណាយអស់ ៩៤,៧៤លានដុល្លារ និង ភាគីអន្តរជាតិនៃសាលាក្តីខ្មែរក្រហមចំណាយអស់ថវិកាចំនួន ២៣៥,៣៥លានដុល្លារអាមេរិក»។


ជាមួយគ្នានេះដែរ ប្រធាននែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ អតីតមេដឹកនាំខ្មែរក្រហម ដែលនៅរស់រានមានជីវិត១នាក់ កំពុងស្ថិតនៅក្នុង ដំណាក់កាលជំនុំជម្រះ នៃសំណុំរឿង ០០២/០២ ដែលជាផ្នែកចុងក្រោយនៃសំណុំរឿង ០០២ ប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហម៤រូប។ ជនជាប់ចោទ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ (ប្រមុខរដ្ឋ) នៃរបបកម្ពុជាប្រជាធិបតេយ្យ និងបច្ចុប្បន្នមានអាយុ៩១ឆ្នាំ។ ជនជាប់ចោទរូបនេះ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ (ឧក្រិដ្ឋកម្មសង្គ្រាម) និងអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម និងជនជាតិវៀតណាម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ