ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់អ្នកនាំចេញផ្លៃមៀនប៉ៃលិន គួរបង្វែងទិសដៅពីប្រ ទេសថៃ ទៅប្រទេសវៀតណាមវិញ ដោយសារថៃកំពុងបិទមិនឲ្យនាំចូលមៀនប៉ៃលិនតាមច្រកព្រំដែន។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងកសិកម្ម កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា បច្ចុប្បន្ននេះ ផ្លែមៀនប៉ៃលិន បានចាប់ផ្តើមប្រមូលផលពីខែសីហា ឆ្នាំ២០២១ ប៉ុន្តែដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ និងរបាំងភូតគាម អនាម័យ ជាកត្តាធ្វើឲ្យមានបញ្ហាប្រឈមមិនទាន់អាចធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបាន ពិសេសប្រទេសថៃ កំពុងបិទមិនឲ្យនាំចូលមៀនប៉ៃលិនតាមច្រកព្រំដែន។ 

ក្រសួងបានបន្ដថា ម្យ៉ាងទៀត ផ្លែមៀនប៉ៃលិនជាប្រភេទទំនិញជាប់កម្រិតកំណត់ ដែលតម្រូវឲ្យសមត្ថកិច្ចភូតគាមអនាម័យកម្ពុជា ធ្វើសំណើសុំចរចាបើកទីផ្សារជាមួយសមត្ថកិច្ចភូតគាមអនាម័យន ប្រទេសនាំចូល តាមរយៈការស្នើសុំវាយតម្លៃហានិភ័យសមាសភាពចង្រៃ ពាក់ព័ន្ធនឹងការនាំចូលផ្លែមៀនប៉ៃលិននេះ។ ជាក់ស្តែង ក្រសួង បានដាក់សំណើចរចាបើកទីផ្សារសម្រាប់ផ្លែមៀនស្រស់ទៅកាន់ប្រទេសចិន និងប្រទេសថៃ រួចហើយ។

ក្រសួងបានបញ្ជាក់ថា «ក្នុងគោលបំណង ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាទីផ្សារផលិតផលមៀនប៉ៃលិន ដែលកំពុងប្រឈមនឹងរបាំងភូតគាមអនាម័យ និងបញ្ហាប្រឈមនានាបង្កឡើងដោយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្រសួង សូមធ្វើការអំពាវនាវ អ្នកនាំចេញគួរបង្វែរទិសដៅពីប្រទេសថៃ ទៅប្រទេសវៀតណាមវិញ ពីព្រោះកម្ពុជាបានបើកទីផ្សារសម្រាប់ផ្លែមៀននេះរួចហើយ តាមរយៈការសម្រេចបាននូវការឯកភាពគ្នាលើលក្ខខណ្ឌតម្រូវភូតអនាម័យសម្រាប់ការនាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសវៀតណាម»។

ក្រសួង ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋគួររួមគ្នាគាំទ្រផលិតផលខ្មែរ ក្រោមរូបភាព «ខ្មែរជួយខ្មែរ» ដោយជួយទិញផ្លែមៀនរបស់ ប្រជាកសិករ ពិសេសសហគមន៍កសិកម្មមៀនប៉ៃលិននៅក្នុងកាលៈទេសៈដ៏លំបាកនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ