ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្អាកជាបណ្តោះអាសន្ន ក្នុងការធ្វើដំណើរ ចេញ-ចូល ឆ្លងកាត់ព្រំដែនកម្ពុជា វៀតណាម រយៈពេល១ខែ ចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខតទៅ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ពី វៀតណាម ចូលប្រទេសកម្ពុជា។

យោងតាមលិខិតរបស់ ក្រសួងការបរទេសខ្មែរ និងសហប្រតិបត្តិការអន្ដរជាតិ ថ្មីៗនេះ លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា «ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី៨-១៩ ចម្លងចូល មកព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានសម្រេចផ្អាកជាបណ្ដោះអាសន្នសម្រាប់ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែន កម្ពុជា-វៀតណាម របស់កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិក ក្រុមហ៊ុននានារបស់វៀតណាម រយៈពេល ១ខែ ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះតទៅ»។

លោក បញ្ជាក់ថា  លើកលែងតែអ្នកជំងឺដែលត្រូវទៅព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ រួមទាំងនិស្សិត ក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬករណ៏មានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។

លោក បន្ដថា ចំពោះបុគ្គលិក និងកម្មករជំនាញរបស់ក្រុមហ៊ុនវៀតណាម ដែលបានចូលមកកម្ពុជារួច ហើយ ទាំងអ្នកដែលបានធ្វើចត្តាឡីស័ករួច និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក មិនត្រូវបានអនុញ្ញាតឱ្យ វិលត្រឡប់ទៅប្រទេសវៀតណាមវិញទេ ក្នុងអំឡុងពេលនៃការផ្អាកការ ចេញ-ចូល បណ្តោះអាសន្ននេះ។

លោករដ្ឋលេខាធិការប្រចាំការ ក៏បានស្នើ ឯកអគ្គរាជទូតកម្ពុជា ប្រចាំវៀតណាម ត្រូវសហការជាមួយ អាជ្ញាធរវៀតណាម ដើម្បីស្នើឱ្យអាជ្ញាធរ នៃប្រទេសទាំងពីរជួយសម្របសម្រួលកិច្ចដំណើរការនៃការដឹកជញ្ចូននាំចេញ និងនាំចូលទំនិញនានា ដោយអនុវត្តឲ្យបានម៉ឺងម៉ត់ តាមវិធានសុខាភិបាលនៃប្រទេសទាំងពីរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ