កំពង់ឆ្នាំង ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា អាវុធគ្រប់ប្រភេទ រួមទាំងសម្ភារយោធាផ្សេងៗ របស់សហរដ្ឋអាមេរិក ត្រូវបានប្រមូលជាបណ្ដើរៗ និងបានជាបន្តបន្ទាប់ហើយ គ្រោងនឹងធ្វើការកម្ទេចចោល សម្រាប់របស់ប្រើប្រាស់មិនកើត និងរបស់ដែលប្រើបានត្រូវរក្សាទុកក្នុងឃ្លាំង និងសារមន្ទីរ ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ។
សម្ដេច បានបញ្ជាក់ដូច្នេះថា «មែនទែនទៅអាវុធនេះមួយចំនួនចាស់ហើយ គឺយើងមិនបានប្រើនោះទេ វាតិចណាស់ដែលបានប្រើ តែកន្លងមកយើងតែងតែទុកដាក់នៅតាមសារមន្ទីរ នៅកន្លែងមួយចំនួន តែឥឡូវនេះមានបទបញ្ជាអញ្ចឹងយើងកំពុងតែប្រមូលតាមបណ្ដាអង្គភាពត្រូវរៀបចំទុកដាក់ ហើយយើងនឹងធ្វើការត្រួតពិនិត្យមើលនៅពេលអនាគត ដើម្បីមើលថា អ្វីយើងត្រូវរក្សាទុក អ្វីដែលយើងត្រូវបំផ្លាញចោល»។
សម្ដេច បានបញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះ អាវុធអាមេរិក ដែលសេសសល់ពីសម័យសង្គ្រាមទាំងនោះ មានសុខភាពចាស់ទ្រុឌទ្រោម ដែលមិនអាចប្រើប្រាស់បាននោះទេ ផ្ទុយទៅវិញរឹតតែបង្កមហន្តរាយសម្រាប់ការប្រើប្រាស់ផងដែរ។
សូមរំលឹកថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធាអាមេរិក ហើយបើមានត្រូវយកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកំទេចចោលតាមការជាក់ស្តែង៕