ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំនៅទីក្រុងហ្សឺណែវ បានបដិសេធចោលទាំងស្រុង នូវទស្សនៈផ្ទាល់ខ្លួន របស់ លោក វិទិត ម៉ុនតារបន (Mr. Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ដែលពុំបានផ្ដល់ការយកចិត្តទុកដាក់ចំពោះសារៈសំខាន់ នៃការអនុវត្តច្បាប់ និងការប្រព្រឹត្តដោយភាពស្មើគ្នា ចំពោះប្រជាពលរដ្ឋទាំងអស់នៅកម្ពុជា។

យោងតាមសេចក្ដីថ្លែងការណ៍ព័ត៌មានរបស់ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្ដ រជាតិនានា នៅទីក្រុងហ្សឺណែវ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ការអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេសខាងលើ បង្កឲ្យមានការភាន់ច្រទ្បំ និងជ្រើសយកតែមួយជ្រុងហួសហេតុ រួមមាន ៖ ដូចសព្វមួយដងដែរ បុគ្គលដែលអះអាងខ្លួនជាអ្នកជំនាញ ប៉ុន្តែបម្រើការងារក្នុងសមត្ថភាពផ្ទាល់ខ្លួន និងមិនមែនជាមន្រ្តីរបស់អង្គការសហប្រជាជាតិ បានតាំងខ្លួនឯងជាចៅក្រម អារកាត់សេចក្ដីលើកិច្ចការផ្ទៃក្នុងរបស់តុលាការនៃរដ្ឋអធិបតេយ្យមួយ។

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា បន្ដថា ការអះអាងថា ការកាត់ទោស លោក រ៉ុង ឈុន មិនមានភាពត្រឹមត្រូវ និងពុំសមាមាត្រនោះ បង្ហាញថា ក្រុមអ្នកជំនាញទាំងនោះពុំបានយកចិត្តទុកដាក់លើអង្គហេតុនិងអង្គច្បាប់ឡើយ។ ដោយស្រមៃចង់បានជាប់ជានិច្ចនូវរូបភាពសេរីភាពបញ្ចេញមតិជ្រុលហួស ក្រុមអ្នកជំនាញបានមើលស្រាលចំពោះផលវិបាកដ៏មហន្តរាយនិងមិនអាចវិលត្រទ្បប់ទៅរកសភាពដើមបាននៃព័ត៌មានក្លែងក្លាយ នៅពេលត្រូវបានសាយភាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានប្រកាសសាលក្រម ដោយកាត់ទោស លោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យប្រាក់២លានរៀល ចំពោះករណីញុះញង់បង្កបញ្ហានៅព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ កាលពីឆ្នាំមុន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ