ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកពីការលក់គយដែលមានបរទេសមកសុំទិញដោយចែកគ្នា៥០%ម្នាក់ តែសម្តេចមិនព្រមនោះទេ ព្រោះនេះស្មើនឹងលក់អធិបតេយ្យជាតិ។
សម្ដេចតេជោ ហ៊ុន សែន រំលឹកបែបនេះ ក្នុងងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១
សម្តេចតេជោ បានបញ្ជាក់ថា «ដោយសារខ្ញុំមិនព្រមនេះហើយ មានបរទេសខ្លះមិនពេញចិត្តខ្ញុំ រឿង ខ្ញុំក្បាលរឹងមិនលក់គយ។ បរទេសខ្លះគុំខ្ញុំយូរហើយ មិនមែនឥឡូវនេះទេរឿងលក់គយនេះ»។
សូមរំលឹកថា អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ផ្តើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០១៧ បញ្ចប់នៅខែកក្កដា ឆ្នាំ២០២០ មានកម្ពស់ ៣៥ជាន់ (ដោយមិនគិតជាន់ក្រោមដី២ជាន់) កម្ពស់ ១២០ម៉ែត្រ មានបណ្តោយប្រវែង ៥៤ម៉ែត្រ ទទឹងប្រវែងជាង ២៦ម៉ែត្រ។ អគារនេះត្រូវបានរៀបចំឡើងដោយបានចែកចេញជាផ្នែកជាច្រើន សម្រាប់សម្រួលដល់ការបំពេញការងាររបស់មន្ត្រី និងការផ្តល់សេវា៕EB