កំពង់ឆ្នាំង ៖ លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានអញ្ជើញមកសាកសួរ និងស្ដាប់ចម្លើយរបស់ពួកគាត់ទាំងពីរនាក់ ពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹក នៅតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជាតំបន់ហាមឃាត់ នៃការកាប់ទន្ទ្រានព្រៃលិច។

លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានថ្លែងថា «អង្គភាពរបស់យើងខ្ញុំ បានអញ្ជើញឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ មានតួនាទីជាស្នងការរងនគរបាលខេត្ត និងឈ្មោះ កែវ ណារុន មានតួនាទីជានាយការិយាល័យអន្ដរាគមន៍ និងតម្រួត ខេត្តកំពង់ឆ្នាំង ដើម្បីមកសាកសួរ និងស្ដាប់ចម្លើយ ពាក់ព័ន្ធទៅនឹងការកាន់កាប់ព្រៃលិច នៅតំបន់៣ គឺតំបន់ហាមឃាត់ ក្នុងស្រុកកំពង់លែង ខេត្ដកំពង់ឆ្នាំង»។

លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានបញ្ជាក់បន្ថែមថា ក្នុងករណីក្រោយការសួរនាំ និងស្តាប់ចម្លើយ ហើយរកឃើញថា ពួកគេទាំងពីរនាក់ពិតជាបានរំលោភបំពានខុសច្បាប់ នៅក្នុងតំបន់៣នោះ អង្គភាពប្រឆាំងអំពើពុករលួយ នឹងធ្វើការជូនដំណឹងបន្តទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ