សម្ដេចតេជោ ហ៊ុន សែន ស្នើអគ្គិសនីកម្ពុជា តើមានលទ្ធភាពលុបបំណុល ក្រសួងការពារជាតិ ជំពាក់ជាង២លានដុល្លារទេ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើអគ្គិសនីកម្ពុជា តើមានលទ្ធភាពលុបបំណុល ដែលក្រសួងការពារជាតិ ជំពាក់ថ្លៃប្រើប្រាស់អគ្គិសនី ជាង២លានដុល្លារ។
ការស្នើរបស់ សម្ដេចតេជោ ហ៊ុន សែន ក្រោយពី សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានស្នើសុំ សម្តេចតេជោ ហ៊ុន សែន លុបបំណុលថ្លៃភ្លើងអគ្គិសនី របស់ក្រសួងការពារជាតិ ដែលមានចំនួន ៩ពាន់លានរៀល (ប្រមាណជាង ២លានដុល្លារ) ព្រោះការប្រើប្រាស់អគ្គិសនី ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះមានតម្រូវការ ច្រើនស្របទៅតាមការអភិវឌ្ឍ និងទំនើបកម្មរបស់កងកម្លាំងយោធា។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបវិញថា «តើអគ្គិសនីកម្ពុជា មានលទ្ធភាពលុបបំណុល ជាង៩ពាន់លានរៀល ស្មើនឹងជាង២លានដុល្លារ នេះទាំងស្រុង ឬក៏អាចជួយលុបពាក់កណ្ដាល ឬ៧០ភាគរយ ក្រៅពីនោះ បំពេញដោយក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ»។
សម្ដេចតេជោ បន្ដថា «ប៉ុន្ដែខ្ញុំមិនទាន់ឆ្លើយដាច់ញ្ញត្តិ តែមានរឿងមួយ ដែលខ្ញុំត្រូវទាមទារមកវិញ ខ្ញុំនឹងចេញបញ្ជា ដើម្បីឲ្យពិនិត្យអំពីបញ្ហាការរៀបចំ ដើម្បីនឹងបន្ថែមថវិកាការប្រើប្រាស់អគ្គិសនីប្រចាំឆ្នាំ ព្រោះតម្រូវការកសាងអាគារនេះមួយ (អាគារ ក្រសួងការពារជាតិ) តើតម្រូវការនៃការកើនឡើងប៉ុណ្ណា? នេះជាចំណុចរបស់យើង»។
សម្ដេចតេជោ បន្ដថា កាលពេលមុនការប្រើប្រាស់អគ្គិសនី ត្រឹមតែ៣០មេកាវ៉ាត នៅទីក្រុងភ្នំពេញ ឥឡូវនេះទីក្រុងភ្នំពេញ បានប្រើប្រាស់អគ្គិសនី ច្រើនជាង៣០មេកាវ៉ាត ដោយសារទីក្រុងភ្នំពេញ មានការរីកចម្រើនខ្លាំង ប៉ុន្ដែបើដាក់ការសន្សំចៃ ក្នុងការប្រើប្រាស់អគ្គិសនី ក្នុងគ្រប់ស្ថាប័ន្ធទាំងអស់ គឺអាចមានចំណែកសន្សំចៃ នូវថវិកាទាំងនោះ។
លើសនេះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់កងកម្លាំងយោធា ត្រូវប្រើប្រាស់អគ្គិសនីសន្សំចៃ ដែលនេះជាផ្នែកមួយ ក្នុងការសន្សំចៃអគ្គិសនី៕EB