ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិ បន្តសកម្មភាព បង្កើតស្នាដៃ ហើយប្រែក្លាយការប្រឈមឲ្យទៅជាថាមពល បង្កើតនូវឱកាសមានសក្ដានុពល ដើម្បីពង្រឹងវិស័យសន្តិសុខជាតិ ដែលជាសសរស្តម្ភដ៏រឹងមាំបម្រើឲ្យការអភិវឌ្ឍ ប្រទេសជាតិ។

តាមរយៈសារលិខិតផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍ លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០២៣នេះ សង្គ្រាមប្រឆាំងជំងឺកូវីដ-១៩ នៅតែបន្តដោយពុំអាចកំណត់អំពីពេលវេលាបញ្ចប់បានច្បាស់លាស់ឡើយ ស្របពេលដែលសភាពការណ៍សន្តិសុខសាកលលោកនៅតែវិវឌ្ឍន៍ប្រែប្រួលស្មុគស្មាញ ពោរពេញដោយគ្រោះថ្នាក់មិនអាចប៉ាន់ស្មានបាន ហើយស្ថានការណ៍ទាំងអស់នេះនឹងបន្តជះឥទ្ធិពលដោយ ផ្ទាល់ ឬ ប្រយោលដល់បរិយាកាសសន្តិសុខនៅក្នុងប្រទេសរបស់យើងជាក់ជាមិនខាន។

សម្ដេចតេជោ បន្ដថា ក្នុងអំឡុងពេលនេះ ដែរព្រឹត្តិការណ៍សំខាន់ៗមួយចំនួនត្រូវបានរៀបចំដំណើរការនៅកម្ពុជា រួមមាន ការប្រកួតកីឡាអាស៊ីអាគ្នយ៍ លើកទី៣២ ប៉ារ៉ាហ្គេមលើកទី១២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលសុទ្ធសឹង ជាគោលដៅនៃការប៉ុនប៉ងវាយប្រហាររបស់ពួកអមិត្ត និងបក្ខពួកដែលមាននិន្នាការប្រឆាំងជ្រុលនិយម ដើម្បី បំផ្លាញមុខមាត់របស់រាជរដ្ឋាភិបាល និងប្រទេសជាតិ ព្រមទាំងឆក់ឱកាសដណ្ដើមអំណាចផ្ទុយពីគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ។

សម្ដេចតេជោ បន្ថែមថា ក្រៅពីនេះសភាពការណ៍ទូទៅនៃសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏នៅតែមានបញ្ហា ប្រឈមដែលបណ្តាលមកពីការបន្តកើតឡើងនូវឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បទល្មើស គ្រឿងញៀន អំពើជួញដូរពលកម្ម ជួញដូរមនុស្ស ពិសេសស្ត្រី-កុមារ បទល្មើសបច្ចេកវិទ្យា និងបទល្មើសផ្សេងៗទៀត។

សម្ដេចតេជោ បន្ថែមថា ជាការពិតណាស់កិច្ចការទាំងអស់នេះគឺជាអម្រែកដ៏ធ្ងន់ធ្ងរ និងជាវិញ្ញាសាដ៏ស្មុគស្មាញដែលតម្រូវឲ្យ កងកម្លាំងនគរបាលជាតិមានសមត្ថភាព និងគុណភាពខ្ពស់ ធ្វើការរែកពុនដោះស្រាយបញ្ហាប្រឈមទាំងនោះ ប្រកបដោយភាពអធន ដើម្បីបុព្វហេតុសន្តិសុខជាតិ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ។

សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «រាជរដ្ឋាភិបាល ពិតជាមានក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយម ចំពោះមនសិការស្នេហាជាតិមាតុភូមិ និងភក្តីភាពរបស់កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ហើយក៏សូមលើកទឹកចិត្តដល់ កងកម្លាំងគ្រប់ជំនាញ គ្រប់ថ្នាក់ បន្តសកម្មភាព បង្កើតស្នាដៃ ប្រែក្លាយការប្រឈមឲ្យទៅជាថាមពល បង្កើតនូវឱកាសដែលមានសក្ដានុពល ដើម្បីពង្រឹងវិស័យសន្តិសុខជាតិដែលជាសសរស្តម្ភដ៏រឹងមាំបម្រើឲ្យការអភិវឌ្ឍ ប្រទេសជាតិ ប្រកបដោយចីរភាព»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ