មន្ត្រីជាង ៤ម៉ឺននាក់ ផ្ទេរឱ្យស្ថិតក្រោមការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ខណៈថវិកា ត្រូវបានទម្លាក់ជាង ១ពាន់លានដុល្លារ ក្នុងមួយឆ្នាំ
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្ទេរមន្ត្រីជាង ៤ម៉ឺននាក់ហើយ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជាអ្នកគ្រប់គ្រងដោយផ្ទាល់ ហើយបានផ្តល់សិទ្ធិអំណាចទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានសិទ្ធិសម្រេចក្នុងការជ្រើសរើស ឬបណ្តេញមន្ត្រីចេញពីក្របខណ្ឌ ក្នុងបំណងបង្កើនប្រសិទ្ធភាពការអភិវឌ្ឍ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
ក្នុងសន្និសីទព័ត៌មានស្តីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានគូសបញ្ជាក់ថា តាមរយៈកម្មវិធីនេះ គ.ជ.អ.ប បានរៀបចំ និងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សិទ្ធិអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់បុគ្គលិករបស់ខ្លួន។ ក្នុងនោះ បុគ្គលិកចំនួនជាង ៤០.០០០នាក់ ត្រូវបានផ្ទេរចេញពីការគ្រប់គ្រងនៅថ្នាក់ជាតិ ទៅស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់នៅថ្នាក់ក្រោមជាតិ ដើម្បីធ្វើឱ្យការបំពេញការងារជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោក ចាន់ សុធា បានអះអាងថា មន្ត្រីដែលបានផ្ទេរការគ្រប់គ្រងពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិនេះ រួមមាន៖ ក្រសួងមហាផ្ទៃជាង ៧,០០០នាក់ ក្រសួងសុខាភិបាលជាង ២០,០០០នាក់ និងក្រសួងជំនាញចំនួន២០ បានផ្ទេរបុគ្គលិកជិត ២០.០០០នាក់។
លោក ចាន់ សុធាន បានអះអាងបែបនេះ «យើងបានផ្ទេរមន្ត្រីឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះយើងបានផ្ទេរមន្ត្រីប្រមាណជាង ៤ម៉ឺននាក់ ផ្ទេរទៅឱ្យស្ថិតនៅក្រោមការគ្រប់គ្រងជាមន្ត្រីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ មិនមែនជាមន្ត្រីរបស់ក្រសួងស្ថាប័នណាមួយទេ។ ជាមន្ត្រីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលស្ថិតនៅក្រោមការគ្រប់គ្រង ការចាត់ចែង ការដឹកនាំរបស់ក្រុមប្រឹក្សា និងគណៈអភិបាល មេឃុំ ចៅសង្កាត់»៕EB