ភ្នំពេញ ៖ សហគ្រិនវ័យក្មេងចំនួន៥០រូប ដែលមកពីប្រទេសចំនួន២៦ បានមកជួបជុំ និងទទួលពានរង្វាន់ Asia Prestige 50 Under 50 CEO Exellence Award ដែលត្រូវបានរៀបចំឡើងនៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី រាជធានីភ្នំពេញ កាលពី រាត្រីថ្ងៃទី២៤ ខែឧសភា ២០២៥ ។កម្មវិធីប្រគល់ពានរង្វាន់នេះ ត្រូវបានរៀបចំឡើងដោយសមាគមសហគ្រិនសកល១ភាគរយ  (G-1%Club ) និងមានការចូលរួមពីតំណាងក្រសួងស្ថាប័នរដ្ឋជាច្រើនទៀត ដូចាក្រសួងទេសចរណ៍ ក្រសួងមុខងារសាធារណៈ ក្រសួង ការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាដើម ។

លោកបណ្ឌិតឌុច ដារិន អនុរដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ភាពជាអ្នកដឹកនាំរបស់អ្នកទាំងអស់គ្នា ការតាំងចិត្តរបស់អ្នកទាំងអស់គ្នា គំនិតដ៏អង់អាចរបស់អ្នកនោះហើយ ជារបៀបដែលអាស៊ីរបស់យើងកំពុងធ្វើការផ្លាស់ប្តូរ។ ពានរង្វាន់ទាំងនេះមិនត្រឹមតែជាការទទួលស្គាល់នោះទេប៉ុន្តែវាបានបង្ហាញអំពីភាពក្លាហានរបស់អ្នកក្នុងការបំពេញក្តីស្រម៉ៃបន្ថែមទៀតនិងសម្រាប់បុគ្គលផ្សេងទៀតដើម្បីចាប់ក្តីស្រម៉ៃដូចគ្នាដែរ ។

លោកបន្តថា កម្ពុជាយើងពិតជាមានមោទនភាពក្នុងការចែករំលែកនៅក្នុងកម្មវិធីដ៏មានតម្លៃនេះហើយ សូមឱ្យជំនួបបែបនេះមិនត្រឹមតែការជួបជុំដោយផ្ទាល់និងបង្ហាញសមទ្ធិផលផ្ទាល់ខ្លួន នោះតែប៉ុន្តែវានឹងក្លាយទៅជាការធ្វើកិច្ចសហប្រតិបត្តិការក្នុងតំបន់បន្ថែមទៀត ព្រមទាំងសុខុមាលភាពរួម និងសន្តិភាពយូរអង្វែងជាមួយគ្នា។ 

លោកហៀង វុទ្ធា ប្រធានសមាគមសហគ្រិនសកល ១ភាគរយ ( G-1%Club ) និងជាសហប្រធាននៃកម្មវិធីពានរង្វាន់ Asia Prestige 50 Under 50 CEO Exellence Award បានមានប្រសាសន៍ថា វិធី«Asia Prestige 50 Under 50 CEO Exellence Award »គឺជាស្ថាប័នអន្តរជាតិបង្កើតឡើងដើម្បីស្វែងរកថ្នាក់ដឹកនាំ ឬម្ចាស់អាជីវកម្មឆ្នើមលើគ្រប់វិស័យជុំវិញអាស៊ីអាគ្នេយ៍ដែលមានអាយុក្រោម 50ឆ្នាំ និងមានចំនួន 50នាក់។ ស្ថាប័ន Asia Prestige 50 Under 50 CEO Exellence Award ចាប់ផ្តើមឡើងនៅឆ្នាំ ២០១២ ដែលមានការចូលរួមពីប្រទេសផ្សេងៗដូចជា៖ ប្រទេសកូរ៉េ ម៉ាឡេស៊ី ហ្វីលីពីន ស៊ីងហ្គាពួជាដើម រហូតដល់ឆ្នាំ២០២៥ នេះមាន5ប្រទេសចូលរួមបន្ថែមទៀត ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។

លោកបន្តថាកម្មវិធីនេះត្រូវបានរៀបចំឡើងអស់រយៈ ពេល៩៥ថ្ងៃ មានអ្នកចូលរួមដាក់ពាក្យចំនួន ១៦៤២ នាក់ ក្នុងចំណោម ៣៩ ប្រទេស ក្នុងនោះយើងបានជ្រើសរើសអ្នកមានសក្ដានុពលចំនួន ៤១៤នាក់។ ជាចុងក្រោយយើងសម្រេចជ្រើសរើសបានម្ចាស់ជ័យលាភីសរុបចំនួន ៥០ រូប មកពី២៦ប្រទេស។ 

គួរបញ្ជាក់ថា កម្មវិធីនៅថ្ងៃនេះ មិនត្រឹមតែអបអរសាទរពីភាពជោគជ័យនៃម្ចាស់ជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកម្លាំងរួមសហការណ៍ និងការផ្សារភ្ជាប់រវាងយើងទាំងអស់គ្នា ដើម្បីកសាងកំណើនសេដ្ឋកិច្ចប្រទេសដែលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ។ ពានរង្វាន់ដែលបានរៀបចំសម្រាប់ផ្ដល់ជូនម្ចាស់ជ័យលាភីនៅរាត្រី នោះមាន៥ប្រភេទរួមមាន 1.  Visionary & Innovation CEO Excellence Award 2. Best Start-Up CEO Excellence Award  3. Great Leadership CEO Excellence Award 4.  Great Leadership ROLE Excellence Award និង 5. Outstanding CEO GURU Award ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ