ដំណើរការចរចាបើកទីផ្សារផ្លែមៀនប៉ៃលិន ទៅកាន់ចិន ឈានដល់ដំណាក់កាលវាយតម្លៃហានិភ័យចុះពិនិត្យផ្ទាល់នៅចម្ការ
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា បច្ចុប្បន្នដំណើរការចរចាបើកទីផ្សារផ្លែមៀនប៉ៃលិន ទៅកាន់ចិន ឈានដល់ដំណាក់កាលវាយតម្លៃហានិភ័យ ចុះពិនិត្យផ្ទាល់នៅចម្ការ និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងកសិកម្ម នាថ្ងៃទី២២ ធ្នូ បានបញ្ជាក់ថា «បច្ចុប្បន្នដំណើរការចរចាបើកទីផ្សារផ្លែមៀនប៉ៃលិនទៅកាន់សាធារណរដ្ឋប្រជាមានិតចិន បានឈានដល់ដំណាក់កាលវាយតម្លៃហានិភ័យដោយចុះពិនិត្យផ្ទាល់នៅចម្ការ និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ»។
ក្រសួង បន្ដថា ដើម្បីមានលទ្ធភាពចរចាបើកទីផ្សារឱ្យបានលឿន ឈានដល់ការអនុញ្ញាតនាំចូលទៅប្រទេសចិន ចាំបាច់ត្រូវបំពេញលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ស្តង់ដារគុណភាព និងសុវត្ថិភាពឱ្យបានពេញលេញ ដែលទាមទារឱ្យម្ចាស់ចម្ការត្រូវអនុវត្តបច្ចេកទេសដាំដុះតាមគោលការណ៍នៃការអនុវត្តកសិកម្មល្អ និងត្រូវមានការវិនិយោគសាងសង់រោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃតាមស្តង់ដារកំណត់ឱ្យបានគ្រប់គ្រាន់។
ជាការឆ្លើយតប អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន បានយល់ព្រមអនុវត្តដំណើរការវាយតម្លៃវិភាគហានិភ័យលើមៀនប៉ៃលិនពីចម្ងាយតាមរយៈប្រព័ន្ធវីដេអូ តាមការស្នើសុំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមចុះពិនិត្យផ្ទាល់ ពីតំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជាផងដែរ។
ក្រសួង បន្ថែមថា ដំណើរការវាយតម្លៃវិភាគហានិភ័យលើផ្លែមៀនប៉ៃលិន គ្រោងនឹងប្រព្រឹត្តនៅក្នុងសប្តាហ៍ទី១ នៃខែមករា ឆ្នាំ២០២២ ខាងមុខនេះ ដោយធ្វើការជ្រើសរើសសម្រិតសម្រាំងយកចម្ការមួយចំនួនជាតំណាង និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ដែលបច្ចុប្បន្ននេះមានរោងចក្រតែមួយបានសាង់សង់រួច មានទីតាំងនៅក្នុងខេត្តប៉ៃលិន ដើម្បីវាយតម្លៃបញ្ចប់ដំណាក់កាល វិភាគហានិភ័យមុននឹងបន្តនីតិវិធីរៀបចំចុះហត្ថលេខាលើពិធីសារបច្ចេកទេស។
ក្នុងបរិការណ៍នេះ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ម្ចាស់ចម្ការ សហគមន៍កសិកម្ម មៀនប៉ៃលិន និងម្ចាស់រោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ត្រៀមលក្ខណៈជាស្រេចចូលរួមសហការជាមួយមន្ត្រី អគ្គនាយកដ្ឋានកសិកម្ម ដើម្បីឱ្យដំណើរការវាយតម្លៃការវិភាគហានិភ័យពីចម្ងាយនេះ ទទួលបានលទ្ធផលល្អនិងជោគជ័យ តាមផែនការគ្រោងទុក។
ទន្ទឹមនឹងនេះ ក្រសួង ក៏អំពាវនាវដល់ម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ចាប់ផ្តើមរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជី ដើម្បីស្នើសុំនាំចេញផ្លែមៀនប៉ៃលិនទៅកាន់ប្រទេសចិននៅអគ្គនាយកដ្ឋានកសិកម្ម៕