ពលរដ្ឋស្នើឱ្យ លោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាច បកស្រាយ និងចុះត្រួតពិនិត្យ ករណីអាជ្ញាធរមូលដ្ឋានបើកដៃឱ្យមានការសាងសង់សំណង់រឹងលក់ដូរជាលក្ខណៈឯកជន លើដីរបស់រដ្ឋក្នុងបរិវេណសាលាឃុំអំពិលទឹក
(កំពង់ឆ្នាំង)៖ ពលរដ្ឋមួយចំនួនរស់នៅមូលដ្ឋាន ភូមិខ្លាគ្រហឹម ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង បានស្នើឱ្យលោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាច បកស្រាយរឿងអាជ្ញាធរមូលដ្ឋានបើកដៃឱ្យមានការសាងសង់សំណង់រឹងលក់ដូរជាលក្ខណៈឯកជន ដោយយកដីរបស់រដ្ឋក្នុងបរិវេណសាលាឃុំអំពិលទឹក។
សំណង់រឹងមាំលក់ដូរជាលក្ខណៈឯកជនលើដីរដ្ឋក្នុងបរិវេណសាលាឃុំអំពិលទឹកនេះ ត្រូវបានពលរដ្ឋមួយចំនួនអះអាងថា ជាពលរដ្ឋចំណូលថ្មី មិនដែលធ្លាប់បានរស់នៅស្នាក់អាស្រ័យក្នុងភូមិសាស្ត្រភូមិខ្លាគ្រហឹមនោះទេ។ តែជាក់ស្តែង គឺអាចយកដីសាលាឃុំដែលជាដីរដ្ឋ សាងសង់សំណងរឹងមាំលក់ដូរជាលក្ខណៈឯកជនតែម្តង។
សកម្មភាពទាំងនេះ ត្រូវបានប្រជាពលរដ្ឋអះអាងថា បើគ្មានការបើកដៃពីសំណាក់អាជ្ញាធរភូមិ/ឃុំនោះទេ ពួកគេក៏មិនអាចសាងសង់សំណង់រឹងមាំដ៏ធំបែបនេះបានដែរ ។ ពលរដ្ឋបន្ថែមថា ការសង់សំណង់រឹងមាំលក់ដូរជាលក្ខណៈឯកជនលើដីរដ្ឋក្នុងបរិវេណសាលាឃុំអំពិលទឹកនេះ មិនត្រូវបានអាជ្ញាធរមូលដ្ឋាន ភូមិ និងឃុំធ្វើការហាមឃាត់នោះទេ តែផ្ទុយទៅវិញ បានបើកដៃឱ្យសាងសង់ដោយរលូន និងស្ងប់ស្ងាត់ រហូតសំណង់នេះធ្វើរួចរាល់ជាស្ថាពរ លក់ដូរជាលក្ខណៈឯកជនលើដីរដ្ឋក្នុងទីធ្លាសាលាឃុំតែម្តង។
ពលរដ្ឋម្នាក់ដែលមានគណនីហ្វេសបុកឈ្មោះ Sophon Konkhmer បានសរសេរបែបនេះថា ៖ ដីសាលាឃុំដែលធ្វើការ៉ាសសាំងលក់រាល់ថ្ងៃក៏ជាដីរួម របស់ប្រជាជនក្នុងឃុំ និងជាដីរដ្ឋដែរ។ ហេតុអ្វីក៏ ឃុំអនុញ្ញាត ប្រគល់ដីឱ្យគេធ្វើអាជីវកម្មឯកជន? សូមប្រជាពលរដ្ឋក្នុងឃុំអំពិលទឹកទាំងមូលជួយគ្នាសើរើរឿងដីនេះផង បើទុកយូរច្បាស់ណាស់ និងបាត់បង់របស់ជាក់ជាមិនខាន។
ក្រៅពីគណនីហ្វេសបុកខាងលើ ក៏មានហ្វេសបុកពលរដ្ឋដែលធ្លាប់មានដើមកំណើតនៅឃុំអំពិលទឹកមួយចំនួនទៀត ដូចជា គណនីហ្វេសបុកឈ្មោះ Pech Chanda បានសរសេរថា៖ ខាងទៅស្រុកមួយរយៈ ស្រាប់តែមានការ៉ាសសាំងនៅចុងភូមិ ,រឿងខ្លះដល់ពេលវា នឹងផ្ទុះ បិទបាំងមិនជិតសម័យនេះ ។ បន្ថែមនេះ ក្រៅពីគណនីហ្វេសបុករបស់ពលរដ្ឋទាំងពីរខាងលើ កន្លងទៅ ក៏មានហ្វេសុបកឈ្មោះ Panha Phon បានទម្លាយផងដែរថា ៖ ក្រៅពីការយកដីដែលជាសម្បត្តិរដ្ឋ ក្នុងបរិវេណសាលាឃុំអំពិលទឹក ធ្វើការសាងសង់សំណង់រឹងលក់ដូរជាលក្ខណៈឯកជន ក៏មានករណីមិនប្រក្រតីផ្សេងមួយចំនួនទៀត ដែលអាជ្ញាធរភូមិ បានប្រព្រឹត្តិកន្លងមក ដូចជា ការលក់បឹង ការលក់ព្រែក ជាច្រើនកន្លែងក្នុងភូមិខ្លាគ្រហឹម ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋឱ្យទៅឯកជនមករកស៊ីប្រមូលផលត្រីស្ទើតែរាល់ឆ្នាំ។ ដោយពលរដ្ឋនៅមូលដ្ឋានភូមិខ្លាគ្រហឹម មិនអាចប្រមូលផលត្រីធម្មជាតិ ឬអាស្រ័យផលជាលក្ខណគ្រួសារបាននោះទេ ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលតាមរយៈការអនុវត្ដកម្មវិធីជាតិដំណាក់កាលទី ២ ឆ្នាំ(២០២១-២០៣០) បានបង្កើនការវិភាជថវិកាដល់រដ្ឋបាលថ្នាក់ក្រោមជាតិដល់ជាង ១ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ឃុំ-សង្កាត់នីមួយៗទទួលបាន ១២៧ ០០០ ដុល្លារក្នុង ១ ឆ្នាំ។ តែក៏មានឃុំ-សង្កាត់ខ្លះដែលជាឃុំ-សង្កាត់ធំអាចទទួលបានថវិការហូតដល់ជាង ២០ ម៉ឺនដុល្លារ។ ដូចនេះតាមរយៈថវិកាដ៏ច្រើនខាងលើនេះ ឃុំ-សង្កាត់នីមួយៗ អាចយកទៅអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ដោយត្រូវធ្វើគណនេយ្យភាពថវិការបស់ខ្លួនឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ជៀសវាងការប្រើប្រាស់ថវិកាមិនមានតម្លាភាព និងត្រូវបង្ហាញជូនដល់ពលរដ្ឋឱ្យបានដឹងតាមរយៈការធ្វើវេទិកាសាធារណៈជាដើម ដើម្បីឱ្យពលរដ្ឋដឹងច្បាស់ថា ថវិកាទាំងនោះ បានយកទៅអភិវឌ្ឍនក្នុងមូលដ្ឋានរបស់ខ្លួនលើវិស័យអ្វីខ្លះ៕